(វ៉ាស៊ីនតោន)៖ អង្គការ NATO បានបង្ហាញការព្រួយបារម្ភថារុស្ស៉ីអាចនឹងផ្ដល់ការគាំទ្រដល់កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ដើមធ្វើទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងពេល២៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចោទប្រកាន់ថាកូរ៉េខាងជើងបានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគរាប់សិបគ្រាប់ និងអាវុធ ១១ ០០០កុងតឺន័រទៅឱ្យរុស្ស៉ី សម្រាប់ប្រើ នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ តែព្យុងយ៉ាង និងមូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនា អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានគូសបញ្ជាក់ដូច្នេះថា «សង្គ្រាមរបស់រុស្ស៉ី នៅអ៊ុយក្រែន ទទួលបានការគាំទ្រពីចិន កូរ៉េខាងជើង និងអ៉ីរ៉ង់ ដែលសុទ្ធសឹងតែចង់ឃើញលោកខាងលិចទទួលបរាជ័យ»

ប្រមុខ NATO រូបនេះបន្តទៀតថា «បក្សសម្ព័ន្ធយោធាលោកខាងលិចក៏មានការព្រួយបារម្ភផងដែរពីលទ្ធភាពដែលរុស្ស៉ីអាចនឹងផ្ដល់ឱ្យកូរ៉េខាងជើង នូវការគាំទ្រដល់កម្មវិធី មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង»

គួរបញ្ជាក់ថា បើតាមលោក Jens Stoltenberg ការគាំទ្ររបស់ចិនសម្រាប់សេដ្ឋកិច្ចរបស់រុស្ស៉ី អំឡុងសង្រ្គាម បានបង្ហាញពីការផ្សារភ្ជាប់គ្នានៃបញ្ហាប្រឈមសន្តិសុខក្នុង តំបន់អឺរ៉ុបជាមួយតំបន់អាស៊ី ហើយថានៅឯកិច្ចប្រជុំកំពូល NATO នៅខែក្រោយនេះ ក្នុងទីក្រុងវ៉ាស៊ីនតោន គេនឹងបានឃើញថាបក្សសម្ព័ន្ធយោធាមួយនេះនឹងពង្រឹង ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសជាដៃគូដូចជាអូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង និងជប៉ុន៕