(ហ្គាហ្សា)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានសម្តែងការតក់ស្លុតយ៉ាងខ្លាំង ចំពោះការរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងសម័យប្រជុំលើកទី៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ នៅថ្ងៃអង្គារនេះ លោក Türk បានលើកឡើងពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃជម្លោះចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយកត់សម្គាល់ថា មនុស្សជាង ១២០,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ ឬរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើង។

លោកបានកត់សម្គាល់ថា ប្រជាជនប៉ាឡេស្ទីនជិតមួយលាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំ ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Rafah នៅដើមខែឧសភា ខណៈស្ថានភាពនៃការផ្តល់ជំនួយមនុស្សធម៌កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង។

ទន្ទឹមគ្នានេះ លោកក៏បានថ្កោលទោសការកើនឡើង នៃអំពើហឹង្សានៅតំបន់ West Bank រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើត ដែលកងកម្លាំងសន្តិសុខ និងអ្នកតាំងលំនៅរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥២៨នាក់ ក្នុងនោះរួមមានទាំងកុមារ ១៣៣នាក់ ចាប់តាំងពីខែតុលាមក។ ក្នុងរយៈពេលដូចគ្នានេះ ជនជាតិអ៊ីស្រាអែល ២៣នាក់ រួមទាំងសមាជិក៨នាក់ នៃកងកម្លាំងសន្តិសុខផ្ទៃក្នុង ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិច ឬការវាយប្រហារដែលធ្វើឡើងដោយប៉ាឡេស្ទីន។

ប្រធានសិទ្ធិមនុស្ស UN រូបនេះ ក៏បានរិះគន់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំពុងបន្តទៅលើតំបន់ហ្គាហ្សា ដោយកត់សម្គាល់ពីការឈឺចាប់ដ៏ធំរបស់មនុស្ស និងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីការរារាំងជំនួយមនុស្សធម៌ និងការឃុំខ្លួនដោយបំពានលើជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ដោយអំពាវនាវឱ្យបញ្ចប់ការអនុវត្តទាំងនេះ។ លើសពីនេះ លោក​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​ប៉ាឡេស្ទីន​ដោះលែង​ចំណាប់ខ្មាំង។

លោក Turk បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ហើយបានអំពាវនាវឱ្យបញ្ចប់ការកាន់កាប់ និងការសម្រេចបាននូវកិច្ចព្រមព្រៀងអន្តរជាតិលើដំណោះស្រាយរដ្ឋពីរ៕