(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យានៅថ្ងៃអង្គារនេះថា រុស្ស៉ីនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយកូរ៉េខាងជើង និងគាំទ្រប្រទេសនេះប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈដែលលោកបានធ្វើដំណើរទៅកាន់ប្រទេសឯកោដែលមានអាវុធនុយក្លេអ៊ែរមួយនេះ ជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងអត្ថបទមួយដែលបានផ្សាយ ដោយប្រព័ន្ធព័ត៌មានរដ្ឋកូរ៉េខាងជើង លោក ពូទីន បានសរសើរ «សមមិត្ត» គីម និងបានសន្យាថានឹង «ប្រឆាំងនូវរាល់ការដាក់កំហិតខុសច្បាប់» លើកូរ៉េខាងជើង។ លោកក៏បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដាក់ចេញនូវការទាមទារកាន់តែតឹងរ៉ឹង និងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់រុស្ស៊ីចំពោះកូរ៉េខាងជើង។

កូរ៉េខាងជើងក៏បានបង្ហាញការគាំទ្រចំពោះរុស្ស៊ីវិញដែរ ដោយសរសើរប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយហៅវាថាជា «សង្គ្រាមបរិសុទ្ធរបស់ពលរដ្ឋរុស្ស៊ីទាំងអស់»។

ការធ្វើទស្សនកិច្ចរបស់លោក ពូទីន បានកើតឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា កូរ៉េខាងជើងបានផ្គត់ផ្គង់មីស៊ីលប៉ាល្លិស្ទិចចំនួនរាប់សិបគ្រាប់ និងផ្តល់អាវុធជាង ១១,០០០ កុងតឺន័រទៅឲ្យរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសកូរ៉េខាងត្បូង ដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បានលើកឡើងនូវកង្វល់ដូចគ្នានេះផងដែរ។

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមានការព្រួយបារម្ភចំពោះទំនាក់ទំនងដែលកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងកូរ៉េខាងជើង។ ក្រសួងការបរទេសអាមេរិកបាននិយាយថា ពួកគេ «ជឿជាក់ខ្ពស់» ថា លោក ពូទីន នឹងស្វែងរកអាវុធដើម្បីគាំទ្រសង្គ្រាមរបស់លោកនៅអ៊ុយក្រែន។

ទាំងទីក្រុងម៉ូស្គូ និងព្យុងយ៉ាងបានបដិសេធការផ្ទេរអាវុធ ប៉ុន្តែបានសន្យាថានឹងពង្រឹងទំនាក់ទំនងយោធា ដែលប្រហែលមានការធ្វើសមយុទ្ធរួមគ្នា៕