(ម៉ានីល)៖ នៅថ្ងៃអង្គារ ទី១៨ ខែមិថុនានេះ ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បានចោទប្រកាន់យោធាអាមេរិកពីបទ «មានចេតនាអាក្រក់ លាក់ពុត និងមានស្តង់ដារពីរ» ក្នុងការបំផ្លាញជំនឿទុកចិត្តលើវ៉ាក់សាំង និងជំនួយផ្សេងៗរបស់ចិន អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេត ដែលបង្ហាញថា យោធាអាមេរិកបានបើកយុទ្ធនាការសម្ងាត់ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ដើម្បីបំផ្លាញជំនឿទុកចិត្តលើវ៉ាក់សាំង Sinovac របស់ចិននៅហ្វីលីពីន។

ការស៊ើបអង្កេតរបស់ Reuters បានរកឃើញថា យោធាអាមេរិកមានគោលបំណងបង្កឱ្យមានការសង្ស័យអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង និងជំនួយសង្គ្រោះជីវិតដទៃទៀតដែលផ្គត់ផ្គង់ដោយចិន។ យោធាអាមេរិកបានប្រើប្រាស់គណនីអ៊ីនធឺណិតក្លែងក្លាយ ដោយក្លែងបន្លំធ្វើជាជនជាតិហ្វីលីពីន ដើម្បីឃោសនាប្រឆាំងនឹងវ៉ាក់សាំងចិន។

អ្នកនាំពាក្យស្ថានទូតចិនបានចេញសេចក្តីថ្លែងការណ៍ថា «ប្រជាជនទូទាំងពិភពលោកមានការខឹងសម្បារ ចំពោះសកម្មភាពរបស់យោធាអាមេរិក ដែលបង្ហាញពីភាពលាក់ពុត ចេតនាអាក្រក់ និងស្តង់ដារពីររបស់សហរដ្ឋអាមេរិក»។ ស្ថានទូតចិនបានសង្កត់ធ្ងន់ថា «ខណៈពេលដែលនិយាយអំពីការគោរពសិទ្ធិមនុស្ស សហរដ្ឋអាមេរិកធ្វើផ្ទុយពីនេះទាក់ទងនឹងសិទ្ធិមនុស្សជាមូលដ្ឋាននៃជីវិត និងសុខភាពរបស់ប្រជាជនហ្វីលីពីន»។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងម៉ានីល បានបញ្ជូនសំណើសុំការអត្ថាធិប្បាយទៅក្រសួងការពារជាតិរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិក បានទទួលស្គាល់ថា យោធាអាមេរិកពិតជាបានចូលរួមក្នុងការឃោសនាសម្ងាត់ដើម្បីបំផ្លាញវ៉ាក់សាំងរបស់ចិននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មែន ប៉ុន្តែមន្ត្រីរូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត។

អ្នកនាំពាក្យមួយរូបនៃមន្ទីរបញ្ចកោណ ត្រូវបានដកស្រង់សម្តីក្នុងរបាយការណ៍ថា យោធាអាមេរិក «ប្រើប្រាស់វេទិកាជាច្រើន រួមមានបណ្តាញសង្គម ដើម្បីប្រយុទ្ធនឹងការវាយប្រហារដែលមានឥទ្ធិពលអាក្រក់ទៅលើអាមេរិក សម្ព័ន្ធមិត្ត និងដៃគូ»។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា​ ប្រទេសចិនបានចាប់ផ្តើម «យុទ្ធនាការបញ្ចេញព័ត៌មានក្លែងក្លាយ ដើម្បីចោទប្រកាន់មិនពិតលើសហរដ្ឋអាមេរិក សម្រាប់ការរីករាលដាលនៃជំងឺកូវីដ-១៩៕