(បាងកក)៖ នៅថ្ងៃអង្គារនេះ ព្រឹទ្ធសភានៃប្រទេសថៃ បានបោះឆ្នោតអនុម័ត សេចក្តីព្រាងច្បាប់មួយ ដែលនឹងផ្តល់ភាពស្របច្បាប់ ដល់ការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីវាត្រូវបានអនុម័តដោយរដ្ឋសភាថៃ កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។
សេចក្តីព្រាងច្បាប់ខាងលើ ទទួលបានការគាំទ្រយ៉ាងលើសលប់ ក្នុងចំណោមសមាជិកព្រឹទ្ធសភាថៃ ហើយនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រះរាជវាំងថៃ ដើម្បីឱ្យព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា។ រដ្ឋសភាថៃ បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីខែមីនា។ វានឹងចូលជាធរមាន នៅរយៈពេល១២០ថ្ងៃ ក្រោយការឡាយព្រះហត្ថលេខាយល់ព្រមពីមហាក្សត្រថៃ ហើយការចុះផ្សាយនៅលើព្រឹត្តិប័ត្ររាជវាំងថៃ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលបានមកពីកិច្ចប្រឹងប្រែង រយៈពេលប្រមាណជាង១ទសវត្សរ៍ របស់ក្រុមសកម្មជនក៏ដូចជាអ្នកនយោបាយថៃ បន្ទាប់ពីសេចក្តីព្រាងច្បាប់ពីមុនៗមក សុទ្ធតែមិនបានទៅដល់សភានោះឡើយ។ នៅពេលវាចូលជាធរមាន ប្រទេសថៃនឹងដើរតាមជំហានរបស់កោះតៃវ៉ាន់ និងប្រទេសនេប៉ាល់ ក្នុងការក្លាយជាកន្លែងទី៣នៅអាស៉ី និងជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលផ្តល់ភាពស្របច្បាប់ ចំពោះការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងរវាងបុគ្គលនៃសហគមន៍ LGBT៕