(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារ ទី១៨ ខែមិថុនានេះបាននិយាយថាខ្លួនបានបង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីរូបភាពនាវាមុជទឹកនុយក្លេអ៊ែរចិនមួយគ្រឿងបង្ហាញ ខ្លួននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅក្បែរទូកអ្នកនេសាទតៃវ៉ាន់ត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានចុះផ្សាយរូបភាពបង្ហាញពីវត្តមាននាវាមុជទឹកមួយគ្រឿង ដែលមានភិនភាគដូចនាវាមុជទឹកនុយក្លេអ៊ែរចិនប្រដាប់ដោយមីស៊ីលបាលិស្ទីគប្រភេទ Jin។ រូបភាព នាវាមុជទឹកនេះត្រូវបានថតអ្នកនេសាទតៃវ៉ាន់នៅលើទូកនេសាទមួយគ្រឿង នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ ស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីតំបន់ ឆ្នេរភាគខាងលិចរបស់តៃវ៉ាន់។ នៅពេលត្រូវបានសាកសួរពីនាវាមុជទឹករបស់ចិន រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo​ បាននិយាយថាយោធាតៃវ៉ាន់កំពុងបង្កើនការតាមដាន យ៉ាងប្រុងប្រយ័ត្ន តែមិនបានបញ្ជាក់លម្អិតថាយោធាតៃវ៉ាន់កំពុងតាមដានដោយរបៀបណានោះទេ។ ចំណែកខាងក្រសួងការពារជាតិចិនវិញក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានរាយការណ៍ដែរថាពីវត្តមានយន្ដហោះយោធាចិន២០គ្រឿង និងនាវាចម្បាំង ៧គ្រឿង ធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ៕