(បាងកក)៖ ការិយាល័យអគ្គរាជអាជ្ញាថៃ បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថាអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ត្រូវបានចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធនឹង បទចោទប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចោទប្រកាន់ថាលោក Thaksin បានប្រមាថព្រះមហាក្សត្រ គឺមានជាប់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយមួយដែលលោកបានធ្វើឡើងកាលពីឆ្នាំ២០១៥ ក្នុងបទសម្ភាសន៍មួយជាមួយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង។ លោក Thaksin បានប្រាប់សារព័ត៌មានកូរ៉េខាងត្បូង នៅពេលនោះថាឧត្តមប្រឹក្សាព្រះមហាក្សត្រ បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលប្អូនស្រីរបស់លោក គឺលោកស្រី Yingluck Shinawatra ចេញពីអំណាចកាលពីឆ្នាំ២០១៤។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Prayuth Bejraguna ជាមន្ត្រីមួយរូបមកពី ការិយាល័យអគ្គរាជអាជ្ញាថៃ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «រាជអាជ្ញាបានសម្រេចចិត្តបញ្ជូនជនសង្ស័យ (លោក Thaksin) ឡើងតុលាការ»។

លោក Thaksin ដែលទើបតែត្រូវបានដោះលែងមុនកាលកំណត់ពីការផ្តន្ទាទោសជាប់ពន្ធនាគារ៨ឆ្នាំ កាលពីខែកុម្ភៈកន្លងទៅ និងដែលបានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោក អាចនឹងប្រឈមមុខជាប់ពន្ធនាគារ ដើម្បីរង់ចាំសវនាការកាត់ទោស ប្រសិនបើលោកត្រូវបានបដិសេធមិនឱ្យតម្កល់ប្រាក់សុំនៅក្រៅឃុំ។ នៅក្នុងប្រទេសថៃ អ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធលើបទចោទប្រមាថព្រះមហាក្សត្រ អាចត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ ក្នុងមួយបទល្មើស។

គួរបញ្ជាក់ថា លោក Thaksin មានអាយុ៧៤ឆ្នាំ បានវិលត្រឡប់ចូលស្រុកថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ និងត្រូវបានឃុំខ្លួនពីបទរំលោភ អំណាច និងពុករលួយដែលត្រូវបាន ចោទប្រកាន់ថាបានប្រព្រឹត្តក្នុងពេលកាន់អំណាច។ តែព្រះមហាក្សត្រថៃបានបន្ធូរបន្ថយទោសជាប់ពន្ធនាគារ របស់លោក Thaksin ពី៨ឆ្នាំ មកនៅសល់មួយឆ្នាំវិញ ហើយរូបលោកត្រូវបាន ដោះលែងមុនកាលកំណត់កាលពីដើមឆ្នាំ២០២៤នេះ៕