(ស្វីស)៖ ថ្នាក់ដឹកនាំឈានមុខម្នាក់ នៃគណបក្សស្តាំនិយមមួយនៅប្រទេសស្វីស បានថ្លែងរិះគន់ថា កិច្ចប្រជុំកំពូល ដែលប្រទេសរបស់លោក បានធ្វើជាម្ចាស់ផ្ទះរៀបចំ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោមគោលបំណងដាក់សម្ពាធឱ្យរុស្ស៉ី បិទបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន គឺជារឿងដ៏អាម៉ាស់មួយ ដែលធ្វើឱ្យខូចអព្យាក្រឹតភាពយូរមកហើយរបស់ស្វីស។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។
គណបក្ស Swiss People's Party ឬ SVP ដែលកាន់កាប់អាសនៈច្រើនជាងគេ នៅក្នុងសភាជាន់ទាបនៃប្រទេសស្វីស យល់ឃើញថា អព្យាក្រឹតភាព ជាផ្នែកដ៏សំខាន់បំផុត នៃវិបុលភាពរបស់ស្វីស ហើយគណបក្សស្តាំនិយមមួយនេះ កន្លងមកបានផ្តួចផ្តើមចង់ឱ្យមានការធ្វើប្រជាមតិ ដើម្បីតម្កល់គោលការណ៍នេះ ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស ថែមទៀតផង។ គណបក្ស SVP ធ្លាប់បានលើកហេតុផលថា រដ្ឋាភិបាលស្វីសមិនគួរណាទៅទទួលរៀបចំ កិច្ចប្រជុំកំពូលខាងលើ ទាំងគ្មានវត្តមានចូលរួមរបស់រុស្ស៉ីនោះទេ។ លោក Nils Fiechter ដែលជាប្រធានក្រុមយុវជនរបស់ SVP បាននិយាយថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន គ្មានសម្រេចបានអ្វីទាំងអស់ ហើយព្រឹត្តិការណ៍ទាំងមូលនេះ គឺជាប្រៀបដូចជាឆាកកំប្លែងមួយ និងរឿងដ៏អាម៉ាស់សម្រាប់ប្រទេសរបស់លោក។
គួរបញ្ជាក់ថា រដ្ឋាភិបាលស្វីស បានយល់ព្រមធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលខាងលើ ក្រោមសំណូមពររបស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ កិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃ និងមានប្រទេសប្រមាណ៩០ចូលរួមនេះ បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ហើយត្រូវមតិភាគច្រើនមើលឃើញថា មិនទទួលបានជោគជ័យឡើយ។ មានតែប្រទេសជិត៨០ប៉ុណ្ណោះ ដែលភាគច្រើនគឺជាក្រុមលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលបានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមចុងក្រោយនៃកិច្ចប្រជុំ។ ក្នុងសេចក្តីថ្លែងការណ៍ ប្រទេសទាំងនោះ បានសម្តែងការគាំទ្រចំពោះ បូរណភាពទឹកដី និងអធិបតេយ្យរបស់អ៊ុយក្រែន ប៉ុន្តែបរាជ័យដាក់ចេញនូវ ជំហានច្បាស់លាស់សម្រាប់ឆ្ពោះទៅរកទីបញ្ចប់នៃសង្រ្គាម។
ក្នុងចំណោមបណ្តាប្រទេសដែលទៅចូលរួមកិច្ចប្រជុំសន្តិភាពខាងលើ មិនមានប្រទេសណាមួយ ក្នុងតំបន់អាស៉ីខាងត្បូង ឬអាស៉ីអាគ្នេយ៍ បានផ្តល់ហត្ថលេខាដល់ សេចក្តីថ្លែងការណ៍រួមនោះឡើយ ហើយបើសម្រាប់តំបន់អាហ្រ្វិក ក៏មានតែប្រទេសប៉ុន្មានប៉ុណ្ណោះ ដែលព្រមចុះហត្ថលេខា។ ប្រទេសដែលមិនបានចុះហត្ថលេខា រួមមានដូចជាអាមេរី បារ៉ែន ប្រេស៉ីល បុរីវ៉ាទីកង់ ឥណ្ឌា ឥណ្ឌូណេស៉ី លីប៊ី ម៉ិកស៉ិក អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង ថៃ និងអេមីរ៉ាតអារ៉ាប់រួម ជាដើម បើទោះបីជា ពួកគេបានបញ្ជូនតំណាង ទៅចូលរួមក្តី។ ប្រទេសជាច្រើន បានបង្ហាញក្តីសង្ឃឹមថា រុស្ស៉ីនឹងអាចមានវត្តមា ននៅក្នុងដំណើរការស្វែងរកសន្តិភាព នាពេលអនាគត។ ស្វីសបាននិយាយថា រុស្ស៉ីចាំបាច់ត្រូវពាក់ព័ន្ធ ក្នុងដំណើររកសន្តិភាព សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែខ្លួនសម្រេចមិនអញ្ជើញរុស្ស៉ីឱ្យចូលរួម ក្រោមហេតុផលថា ទីក្រុងមូស្គូហាក់គ្មានចំណាប់អារម្មណ៍ចង់ចូលរួម៕