(ហ្សឺណេវ)៖ មេដឹកនាំសហភាពអឺរ៉ុប (EU) នឹងជួបប្រជុំគ្នានៅទីក្រុងព្រុចសែលនៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីគោលដៅគោលនយោបាយរបស់ប្លុកនេះ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ព្រមទាំងការតែងតាំងមេដឹកនាំកំពូលៗរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំ ចាប់តាំងពីការបោះឆ្នោតសភាអឺរ៉ុប ដែលបានជួយពង្រឹងអំណាចក្រុមអ្នកស្តាំនិយម ប៉ុន្តែបានធ្វើឱ្យប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz អាម៉ាស់មុខ។

មេដឹកនាំទាំងនោះនឹងពិភាក្សាអំពីអ្នកដែលគួរតែជាប្រធានបន្ទាប់ នៃគណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងប្រធានគោលនយោបាយការបរទេស។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តហាក់ដូចជាត្រូវបានធ្វើរួចហើយ។ លោកស្រី Ursula von der Leyen មកពីអាល្លឺម៉ង់ ទំនងជានឹងទទួលបានអាណត្តិទីពីរជាប្រមុខនៃនាយកប្រតិបត្តិសហភាពអឺរ៉ុប ដោយសារការគាំទ្រពីគណបក្សប្រជាជនអឺរ៉ុបស្តាំនិយមកណ្តាលរបស់លោកស្រី។ អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក António Costa ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានក្រុមប្រឹក្សាអឺរ៉ុបបន្ទាប់ ខណៈដែលនាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas ទំនងជានឹងត្រូវបានតែងតាំងជាអ្នកតំណាងជាន់ខ្ពស់ សម្រាប់កិច្ចការបរទេស។

មេដឹកនាំ EU នឹងបញ្ជាក់ជាផ្លូវការនូវជម្រើសរបស់ពួកគេនៅក្នុងកិច្ចប្រជុំកំពូល EU នៅចុងខែមិថុនានេះ។ បន្ទាប់មក លោកស្រី Von der Leyen នឹងត្រូវការការគាំទ្រពីសភាអឺរ៉ុប ដែលនឹងបោះឆ្នោតនៅក្នុងសម័យប្រជុំលើកដំបូងរបស់ខ្លួននៅពាក់កណ្តាលខែកក្កដា។ ប្រធានគោលនយោបាយការបរទេស ក៏នឹងត្រូវការការគាំទ្រពីសភាផងដែរ។

មេដឹកនាំ EU ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវដ្តនីតិបញ្ញត្តិរយៈពេលប្រាំឆ្នាំខាងមុខ ដោយផ្តោតលើតម្លៃរួម ការការពារជាតិ និងការប្រកួតប្រជែងសេដ្ឋកិច្ច។ ពួកគេនឹងបញ្ជាក់ជាផ្លូវការនូវ «របៀបវារៈយុទ្ធសាស្ត្រ» របស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូលនៅចុងខែមិថុនានេះផងដែរ៕