(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Wellington Koo បាននិយាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់មិនមែនកំពុងព្យាយាម បង្កឱ្យផ្ទុះសង្រ្គាម​ជាមួយទីក្រុងប៉េកាំងឡើយ ហើយគោលនយោបាយរបស់តៃវ៉ាន់ គឺខិតខំកសាងសមត្ថភាពការពារជាតិឱ្យរឹងមាំ ដើម្បីធ្វើឱ្យចិនពិបាកក្នុងការ​វាយកាន់កាប់ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

នៅពេលត្រូវបានសាកសួរ ដោយក្រុមអ្នកសារព័ត៌មាន នៅឯសភាតៃវ៉ាន់ ថាតើតៃវ៉ាន់អាចស៊ូទ្រាំបានយូរប៉ុនណា ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងករណីដែលចិនសម្រេចបើកការវាយប្រហារ លោក Koo បានឆ្លើយតបទៅវិញថា បញ្ហាសំខាន់មិនមែនត្រង់ថា តៃវ៉ាន់អាចនៅស៊ូទ្រាំបានយូរប៉ុនណាឡើយ ដោយយុទ្ធសាស្រ្តចម្បងរបស់តៃវ៉ាន់ គឺកសាងសមត្ថភាពការពារជាតិឱ្យគ្រប់ជ្រុងជ្រោយ ហើយការធ្វើបែបនេះ នឹងអាចជួយធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់ចិន ក្នុងការវាយកាន់កាប់តៃវ៉ាន់។

លោក Koo បានចោទថា ចិនទៅវិញទេ ដែលជាអ្នកបង្កបញ្ហានិងភាពតានតឹង នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយលោកបានសង្កត់ធ្ងន់ថា «យើងមិនដែលចង់ឱ្យ ផ្ទុះសង្រ្គាមឡើយ។ យើងបង្ហាញច្បាស់ខ្លាំងណាស់ថា យុទ្ធសាស្រ្តទាំងមូលរបស់យើង គឺប្រតិបត្តិការការពារខ្លួន»។ ជាមួយគ្នានេះ លោក Koo ក៏បានថ្លែងពាក់ព័ន្ធ សហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកដ៏សំខាន់នៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់ធំនៃសព្វាវុធ​របស់តៃវ៉ាន់ ផងដែរថា គោលដៅចម្បង នៃយុទ្ធសាស្រ្តមិនច្បាស់លាស់របស់អាមេរិក នោះគឺដើម្បីបង្កើតភាពស្មុគស្មាញចំពោះ​ផែនការរបស់ចិន សម្រាប់ការវាយប្រហារណាមួយ មកលើតៃវ៉ាន់ ដោយចិននឹងមិនអាចប៉ាន់ស្មានឱ្យប្រាកដឡើយ ថាតើអាមេរិកចូលជួយ ​ឬមិនចូលជួយតៃវ៉ាន់។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា ចិនចាត់ទុក​ការក្រសោបយក និងការកម្ចាត់តៃវ៉ាន់ ជាបុព្វហេតុជាតិដ៏អស្ចារ្យមួយរបស់ពួកគេ ដោយលោកបានប្រាប់ទៅកាន់ ក្រុមនិស្សិតយោធាតៃវ៉ាន់ថា កុំឱ្យប្រកាន់គំនិតបរាជ័យនិយមនៃ «សមរភូមិដំបូង គឺជាសមរភូមិចុងក្រោយ»។ ក្នុងន័យនេះលោក Lai ចង់សំដៅលើទ្រឹស្តីដែលថា តៃវ៉ាន់អាចនឹងដួលរលំមួយរំពិច នៅពេលដែលចិនបើកការវាយប្រហារ៕