(ឡុងដ៏)៖ ប្រមុខនៃអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយនៅថ្ងៃចន្ទនេះថា NATO កំពុងស្ថិតក្នុងការពិភាក្សាគ្នា ដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀត និងការដកអាវុធនុយក្លេអ៊ែរចេញពីឃ្លាំងកន្លែងស្តុក ហើយយកទៅបំពាក់នៅទីណាមួយ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៉ី និងចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤។
លោក Stoltenberg បានប្រាប់កាសែត Telegraph របស់អង់គ្លេសថា មានការពិគ្រោះយោបល់ផ្ទាល់ក្នុងចំណោមសមាជិកណាតូ ដើម្បីឱ្យមានតម្លាភាព ជុំវិញការយកឃ្លាំងអាវុធនុយក្លេអ៊ែរ មកធ្វើជាការត្រៀមលក្ខណៈទុកជាមុន។ លោក Stoltenberg ថ្លែងថា «ខ្ញុំសូមមិនលម្អិតទេអំពីប្រតិបត្តិការ ដូចជាថាតើមាននុយក្លេអ៊ែរប៉ុន្មាននឹងត្រូវដាក់ពង្រាយ ឬត្រូវបំពាក់ប៉ុន្មានគ្រាប់នោះ ប៉ុន្តែយើងត្រូវការការឱ្យយោបល់គ្នា នោះជាអ្វីដែលយើងពិតជាបានធ្វើ។ តម្លាភាព ជួយបញ្ជូនសារដោយផ្ទាល់ ថាយើងជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ»។
លោក Stoltenberg បានបន្ថែមថា «គោលបំណងរបស់ណាតូ គឺពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែដរាបណាអាវុធនុយក្លេអ៊ែរនៅតែមាន យើងនឹងនៅតែជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ ពីព្រោះពិភពលោកដែលរុស្ស៉ី ចិន និងកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ហើយអង្គការណាតូមិនមាន គឺជាពិភពលោកមួយដ៏គ្រោះថ្នាក់»។
គួរបញ្ជាក់ថា អង្គការណាតូ ដែលបានដើរតួនាទីកាន់តែធំក្នុងការសម្របសម្រួលការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ កម្រនិយាយអំពីអាវុធជាសាធារណៈណាស់ ទោះបីជាគេដឹងថា សហរដ្ឋអាមេរិកបានដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរ ទៅកាន់ទីតាំងជាច្រើននៅអឺរ៉ុបក៏ដោយ៕