(ស្វីស)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រទេសធំៗដែលមិនចូលបក្សសម្ព័ន្ធ រួមមានដូចជា ឥណ្ឌា ឥណ្ឌូណេស៉ី ម៉ិកស៉ិក អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង ថៃ និងអេមីរ៉ាតអារ៉ាប់រួម ជាដើម គឺស្ថិតក្នុងចំណោមក្រុមប្រទេស ដែលបានសម្រេចចិត្ត​មិនចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមចុងក្រោយ នៃកិច្ចប្រជុំកំពូលមួយស្តីពីសន្តិភាពអ៊ុយក្រែន ដែលប្រារព្ធឡើងនៅឯប្រទេសស្វីស នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ប្រេស៉ីលដែលជាប្រទេសធំមួយ ប្រចាំតំបន់អាមេរិកឡាទីន បានចូលរួមក្នុងនាមត្រឹមជា «អ្នកសង្កេតការណ៍» ប៉ុណ្ណោះ ហើយដូចគ្នាទៅនឹងប្រទេសប៉ុន្មានខាងលើដែរ ប្រេស៉ីលមិនបានផ្តល់ហត្ថលេខារបស់ខ្លួន លើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនោះទេ។ ប្រទេសទាំងនេះ សុទ្ធតែមានតំណាងចូលរួមកិច្ចប្រជុំ ក្នុងកម្រិតត្រឹមរដ្ឋមន្រ្តី និងបេសកជនជាន់ទាប។ ប្រទេសប្រមាណ៩០ ដែលភាគច្រើនជាក្រុមលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ បានមកចូលរួមកិច្ចពិភាក្សារយៈពេល២ថ្ងៃខាងលើ ក្រោមការអញ្ជើញរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ស្របពេលដែលកិច្ចប្រជុំនោះ ត្រូវបានហៅថា «កិច្ចប្រជុំកំពូលសន្តិភាព» រុស្ស៉ី ដែលជាភាគីជម្លោះផ្ទាល់ក្នុងសង្រ្គាម មិនត្រូវបានគេអញ្ជើញឱ្យចូលរួមទេ។ រុស្ស៉ីបានរិះគន់កិច្ចប្រជុំសន្តិភាពនេះពីចម្ងាយថា ជាការខ្ជះខ្ជាយពេលវេលា​ឥតប្រយោជន៍ ដែលនឹងមិនអាចទទួលបាន លទ្ធផលជាសាច់ការអ្វីនោះឡើយ។

ការសម្រេចចិត្តរបស់ចិន ដែលជាកំពូលមហាអំណាចមួយរបស់ពិភពលោក ក្នុងការមិនចូលរួម ត្រូវបានគេមើលឃើញរួចទៅហើយថា គឺជាសញ្ញាមួយដែលឱ្យតំរុយថា កិច្ចប្រជុំកំពូលខាងលើ មុខជានឹងបរាជ័យមិនខាន ក្នុងការសម្រេចគោលបំណងរបស់អ៊ុយក្រែន ដែលចង់បញ្ចុះបញ្ចូល​ប្រទេសធំៗមកពី «ក្រុមលោកខាងត្បូង» ឱ្យចូលរួមក្នុងការធ្វើឱ្យរុស្ស៉ីនៅឯកោ។ ក្រុមអ្នកវិភាគអន្តរជាតិ ក៏ធ្លាប់បានបង្ហាញមន្ទិលសង្ស័យរួចហើយដែរថា កិច្ចប្រជុំកំពូលនេះ នឹងមានឥទ្ធិពលតិចតួចបំផុត សម្រាប់កិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាម ដ្បិតរុស្ស៉ីមិនត្រូវបានអញ្ជើញ ឱ្យមកចូលរួមពាក់ព័ន្ធ។ កន្លងមក ចិននិងប្រេស៉ីល បានព្យាយាមរួមគ្នាស្វែងរក មធ្យោបាយផ្សេង ដែលអាចមាន​ការចូលរួមពាក់ព័ន្ធនិងទទួលស្គាល់ ពីសំណាក់ភាគីជម្លោះទាំងពីរ គឺអ៊ុយក្រែននិងរុស្ស៉ី ដើម្បីឆ្ពោះទៅរកសន្តិភាព។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលនៅប្រទេសស្វីស អំពាវនាវឱ្យមានរុស្ស៉ីប្រគល់ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia មកឱ្យអ៊ុយក្រែន គ្រប់គ្រងវិញ, ធានាការផលិតនិងផ្គត់ផ្គង់ដោយគ្មានការរំខាន នៃផលិតផលកសិកម្ម​នៅអ៊ុយក្រែន, ធានាការចេញ-ចូលពេញលេញ នៅតាមកំពង់ផែជាប់សមុទ្រខ្មៅ និងសមុទ្រ Azov, ដោះលែងអ្នកទោសសង្រ្គាមទាំងអស់ ហើយ​បញ្ជូនកុមារអ៊ុយក្រែនទាំងអស់ ត្រឡប់មកប្រទេសពួកគេវិញ ក្នុងចំណោមចំណុចផ្សេងៗទៀត។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ខាងលើ បានកំណត់ថា បូរណភាពទឹកដីនិងអធិបតេយ្យរបស់អ៊ុយក្រែន ចាំបាច់ត្រូវតែជាមូលដ្ឋានគ្រឹះ​នៃកិច្ចព្រមព្រៀងសន្តិភាព ណាមួយ។ សេចក្តីថ្លែងការណ៍នោះ ក៏បានប្រកាសដែរថា គំរាមកំហែង ឬការប្រើប្រាស់ណាមួយ នៃអាវុធនុយក្លេអ៊ែរ ក្នុងបរិបទនៃសង្រ្គាមអ៊ុយក្រែនប្រឆាំងអ៊ុយក្រែន គឺជារឿងមិនអាចអត់ឱនឱ្យបាន ហើយការវាយប្រហារលើកប៉ាល់ និងកំពង់ផែស៉ីវិល គឺជា​ទង្វើមិនអាចទទួលយកបាន៕