(យូអិន)៖ នៅក្នុងរបាយការណ៍មួយរបស់អង្គការសហប្រជាតិ (UN) បានលើកឡើងថា ពិភពលោកកំពុងស្ថិតនៅឆ្ងាយខ្លាំងណាស់ពីគោលដៅភាគច្រើន នៃការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានព្រមព្រៀងក្នុងឆ្នាំ២០១៥ ដូចជាការដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន ដោយសារតែបញ្ហាខ្វះខាតថវិកា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤។
របាយការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពប្រចាំឆ្នាំរបស់ UN បានវាស់ស្ទង់ការអនុវត្តរបស់សមាជិកទាំង ១៩៣ប្រទេស ជុំវិញ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ចំនួន ១៧ ដែលរួមបញ្ចូលផងដែរ នូវការកែលម្អលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព ការផ្តល់ថាមពលស្អាត និងការការពារជីវចម្រុះ។ របាយកាណ៍រកឃើញថា គ្មានគោលដៅណាមួយក្នុងចំណោម ១៧គោលដៅ ដែលទំនងនឹងត្រូវសម្រេចនៅឆ្នាំ ២០៣០ឡើយ ដ្បិតគោលដៅភាគច្រើន បង្ហាញសញ្ញានៃដំណើការទៅមុខ «នៅមានកម្រិត ឬដើរបញ្ច្រាសមកវិញ»។ របាយការណ៍ដដែលនេះ បានជំរុញឱ្យប្រទេសនានា ដោះស្រាយបញ្ហាខ្វះខាតថវិការ៉ាំរ៉ៃ ហើយថែមទាំងកែប្រែប្រព័ន្ធរបស់ UN ផ្ទាល់ផងដែរ។
អនុប្រធាននៃបណ្តាញរកដំណោះស្រាយអភិវឌ្ឍន៍ដោយចីរភាពរបស់ UN និងជាអ្នកដឹកនាំសរសេររបាយការណ៍ លោក Guillaume Lafortune គូសបញ្ជាក់ថា «អ្វីដែលរបាយការណ៍នេះរំលេចឡើង គឺថាសូម្បីតែមុនពេលនៃជំងឺកូវីដ១៩ក្តី ការរីកចម្រើនគឺមានភាពយឺតយ៉ាវពេកហើយ។ ដំបូងជាជំងឺរាតត្បាត វិបត្តិផ្សេងៗ រួមទាំងជម្លោះយោធា បន្ទាប់មកគឺភាពជាប់គាំង»។ របាយការណ៍ បានដាក់គោលដៅ ដោះស្រាយភាពអត់ឃ្លាន ការបង្កើតទីក្រុងប្រកបដោយនិរន្តរភាព ការការពារជីវៈចម្រុះនៅលើដីគោក និងក្នុងទឹក ពិសេសតំបន់ងាយរងគ្រោះ។ រីឯ គោលដៅនយោបាយ ដូចជាសេរីភាពសារព័ត៌មាន ក៏ត្រូវបានមើលថា «ថយចុះពីភាពរីកចម្រើន»។
គួរបញ្ជាក់ថា ហ្វាំងឡង់ ស៊ុយអែត និងដាណឺម៉ាក ជាប់ចំណាត់ថ្នាក់កំពូលតារាង នៃប្រទេសដែលបានអនុវត្ត ហើយចិនបានធ្វើសកម្មភាព លឿនជាងការកំណត់ ប៉ុន្តែបណ្តាប្រទេសក្រីក្របំផុតនៅលើពិភពលោក កាន់តែជួបបញ្ហាលំបាកថែមទៀត៕