Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ទទួលបរាជ័យ ប្រទេសធំៗដែលមិនចូលបក្សសម្ព័ន្ធ បដិសេធចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមចុងក្រោយនៃកិច្ចប្រជុំ

17-06-2024 13:24

(ស្វីស)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រុមប្រទេសមហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅឯកិច្ចប្រជុំកំពូលមួយ ស្តីពីសន្តិភាពអ៊ុយក្រែន ដែលប្រារព្ធឡើងនៅប្រទេសស្វីស បានថ្កោសទោសការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ក៏ប៉ុន្តែពួកគេមិនអាចបញ្ចុះបញ្ចូល ប្រទេសធំៗដែលមិនចូលបក្សសម្ព័ន្ធ ឱ្យចូលរួមផ្តល់ហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមចុងក្រោយ នៃកិច្ចប្រជុំនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ប្រទេសប្រមាណជា៩០ បានមកចូលរួមក្នុងកិច្ចពិភាក្សារយៈពេល២ថ្ងៃខាងលើ ក្រោមការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ស្របពេលដែលកិច្ចប្រជុំនោះ ត្រូវបានហៅថា «កិច្ចប្រជុំកំពូលសន្តិភាព» ប្រទេសរុស្ស៉ី ដែលជាភាគីជម្លោះផ្ទាល់ក្នុងសង្រ្គាម មិនត្រូវបានគេអញ្ជើញឱ្យចូលរួមឡើយ។ រុស្ស៉ីបានរិះគន់កិច្ចប្រជុំសន្តិភាពនេះពីចម្ងាយថា ជាការខ្ជះខ្ជាយពេលវេលា​ឥតប្រយោជន៍ ដែលនឹងមិនទទួលបានលទ្ធផលជាសាច់ការអ្វីនោះទេ។

ការសម្រេចចិត្តរបស់ចិន ដែលជាកំពូលមហាអំណាចមួយរបស់ពិភពលោក ក្នុងការមិនចូលរួម ត្រូវបានគេមើលឃើញរួចទៅហើយថា គឺជា​សញ្ញាមួយដែលឱ្យតំរុយថា កិច្ចប្រជុំកំពូលនោះ មុខជានឹងបរាជ័យមិនខាន ក្នុងការសម្រេចគោលបំណងរបស់អ៊ុយក្រែន ដែលចង់បញ្ចុះបញ្ចូល​ប្រទេសធំៗមកពី «ក្រុមលោកខាងត្បូង» ឱ្យចូលរួម ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យរុស្ស៉ីនៅឯកោ។

ប្រេស៉ីលដែលជាប្រទេសធំមួយ ប្រចាំតំបន់អាមេរិកឡាទីន បានចូលរួមក្នុងនាមត្រឹមជា «អ្នកសង្កេតការណ៍» ប៉ុណ្ណោះ ហើយនៅទីបំផុត ប្រទេសដូចជា ឥណ្ឌា ឥណ្ឌូណេស៉ី ម៉ិកស៉ិក អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង ថៃ និងអេមីរ៉ាតអារ៉ាប់រួម ជាដើម សុទ្ធតែបានសម្រេចចិត្ត​មិនចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមឡើយ ទោះបីពួកគេបានទៅចូលរួមកិច្ចប្រជុំក៏ដោយ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលនៅប្រទេសស្វីស អំពាវនាវឱ្យមានរុស្ស៉ីប្រគល់ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia មកឱ្យអ៊ុយក្រែន គ្រប់គ្រងវិញ, ធានាការផលិតនិងផ្គត់ផ្គង់ដោយគ្មានការរំខាន នៃផលិតផលកសិកម្ម​នៅអ៊ុយក្រែន, ធានាការចេញ-ចូលពេញលេញ នៅតាមកំពង់ផែជាប់សមុទ្រខ្មៅ និងសមុទ្រ Azov, ដោះលែងអ្នកទោសសង្រ្គាមទាំងអស់ ហើយ​បញ្ជូនកុមារអ៊ុយក្រែនទាំងអស់ ត្រឡប់មកប្រទេសពួកគេវិញ ក្នុងចំណោមចំណុចផ្សេងៗទៀត។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ខាងលើ បានកំណត់ថា បូរណភាពទឹកដីនិងអធិបតេយ្យរបស់អ៊ុយក្រែន ចាំបាច់ត្រូវតែជាមូលដ្ឋានគ្រឹះ​នៃកិច្ចព្រមព្រៀងសន្តិភាព ណាមួយ។ សេចក្តីថ្លែងការណ៍នោះ ក៏បានប្រកាសដែរថា គំរាមកំហែង ឬការប្រើប្រាស់ណាមួយ នៃអាវុធនុយក្លេអ៊ែរ ក្នុងបរិបទនៃសង្រ្គាមអ៊ុយក្រែនប្រឆាំងអ៊ុយក្រែន គឺជារឿងមិនអាចអត់ឱនឱ្យបាន ហើយការវាយប្រហារលើកប៉ាល់ និងកំពង់ផែស៉ីវិល គឺជា​ទង្វើមិនអាចទទួលយកបាន៕