(ស្វីស)៖ កិច្ចប្រជុំកំពូលមួយ ដែលត្រូវបានហៅថា «កិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែន» និងដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥-១៦ ខែមិថុនា បានបិទបញ្ចប់ទៅដោយភាពបរាជ័យ ព្រោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ត្រូវបានប្រទេសមួយចំនួន ដែលទៅចូលរួមបដិសេធចុះហត្ថលេខា ហើយពុំមានប្រទេសណាមួយ ចេញមុខអះអាងថា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំបែបនេះ ជាលើកទី២ ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។
ប្រទេសសរុបជាង៩០ បាននាំគ្នាចូលរួមកិច្ចពិភាក្សាខាងលើ ហើយក្នុងការសេចក្តីថ្លែងការណ៍រួមចុងក្រោយនៃកិច្ចប្រជុំ ប្រទេសចំនួន៧៨ បានឯកភាពអំពាវនាវថា បូរណភាពទឹកដីនិងអធិបតេយ្យរបស់អ៊ុយក្រែន ចាំបាច់ត្រូវតែជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានអូសបន្លាយរយៈពេលជាង២ឆ្នាំមកនេះ។ យ៉ាងណាមិញ ប្រទេសមួយចំនួនទៀត ដូចជាប្រេស៉ីល ម៉ិកស៉ិក ឥណ្ឌា អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង ថៃ និងអេមីរ៉ាតអារ៉ាប់រួម ជាដើម ដែលសុទ្ធតែមានតំណាងចូលរួម ក្នុងកម្រិតរដ្ឋមន្រ្តីការបរទេស និងបេសកជនជាន់ទាប គឺស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលមិនបានផ្តល់ហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមនោះ ដែលផ្តោតលើបញ្ហាមួយចំនួន ដូចជាសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខស្បៀង និងដោះដូរឈ្លើយសឹក។
ទន្ទឹមគ្នានេះ ស្របពេលដែល កិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យកន្លងទៅ ងាកទៅរកបញ្ហាដូចជាសន្តិសុខស្បៀងអាហារ និងថាមពលនុយក្លេអ៊ែរ មេដឹកនាំប្រទេសមួយចំនួន បានចាកចេញពីកិច្ចប្រជុំ មុនពេលកំណត់ថែមទៀតផង។ ដោយឡែក ពុំមានប្រទេសណាមួយ ចេញមុខអះអាងថា ខ្លួននឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបែបនេះ ជាលើកទី២ឡើយ ដោយគេសង្កេតឃើញ មានការស្ងាត់ស្ងៀមជាពិសេស ពីសំណាក់អារ៉ាប៊ីសាអូឌីត ដែលកន្លងមក ត្រូវបានមើលឃើញថា អាចជាកន្លែងសម្រាប់ប្រារព្ធកិច្ចប្រជុំបន្ទាប់ ក្រោយពីការរៀបចំនៅប្រទេសស្វីស។ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បាននិយាយថា ប្រទេសរបស់ទ្រង់ ត្រៀមរួចជានិច្ច ដើម្បីជួយដំណើរការស្វែងរកសន្តិភាព សម្រាប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែដំណោះស្រាយមួយ ដែលអាចមានលទ្ធភាពទទួលជោគជ័យ គឺនឹងត្រូវអាស្រ័យលើការលះបង់ដ៏លំបាក។
គួរបញ្ចាក់ថា ចាប់តាំងពីកិច្ចពិភាក្សាសន្តិភាពដំបូងៗ នៅប៉ុន្មានខែក្រោយការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២ មកម៉្លេះ អ៊ុយក្រែនបានប្រកាន់ជំហរជាប់ នូវការទាមទារឱ្យ រុស្ស៉ីដកកងកម្លាំងចេញពីទឹកដីទាំងអស់របស់ខ្លួន ខណៈទីក្រុងមូស្គូបានទាមទារឱ្យ ទទួលស្គាល់ការកាន់កាប់នៅលើទឹកដីរបស់អ៊ុយក្រែន ដែលកងកម្លាំងខ្លួន វាយដណ្តើមយកបាន។ ប្រទេសជាច្រើន បាននាំគ្នាបង្ហាញក្តីសង្ឃឹមថា រុស្ស៉ីនឹងអាចមានវត្តមានចូលរួម ក្នុងដំណើរការស្វែងរកសន្តិភាព នាពេលអនាគត។ រុស្ស៉ីដែលជាភាគីជម្លោះផ្ទាល់ ក្នុងសង្រ្គាមនៅអ៊ុយក្រែន មិនត្រូវបានអញ្ជើញឱ្យចូលរួម កិច្ចប្រជុំកំពូលនៅឯប្រទេសស្វីសឡើយ៕