(ណៃពិដោ)៖ ជនជាតិរ៉ូហ៉ីងយ៉ារាប់ម៉ឺននាក់ កំពុងភ័យខ្លាចថាពួកគេនឹងត្រូវជាប់ក្នុងការប្រយុទ្ធគ្នា នៅឯភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលមួយក្រុម ប្រឹងប្រែងចាប់យកទីតាំងរបស់យោធានៃរបបសឹក ក្នុងទីក្រុងឆ្នេរសមុទ្រមួយ ដែលនៅតាមព្រំដែនមីយ៉ាន់ម៉ាជា មួយប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤។
ក្រុម Arakan Army (AA) ដែលកំពុងប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីស្វ័យភាពសម្រាប់តំបន់រ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា អ្នកស្រុកនៅទីក្រុង Maungdaw ដែលសម្បូរដោយជនជាតិរ៉ូហ៊ីងយ៉ា គួរតែចាកចេញនៅម៉ោង ៩យប់មុនការវាយលុកដែលបានគ្រោងទុក។ Arakan Army ប្រកាសថា «យើងកំពុងកំណត់គោលដៅលើទីតាំងគ្រប់គ្រោងដោយយោធា ហើយស្នើដល់អ្នកស្រុកនៅឱ្យឆ្ងាយពីទីតាំងយោធា ក្នុងទីក្រុង Maungdaw ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន»។ ចំណែក អ្នកនាំពាក្យនៃរបបសឹក មិនបានឆ្លើយតបចំពោះការហៅទូរស័ព្ទ ដើម្បីសុំការអត្ថាធិប្បាយនោះទេ។
គួរបញ្ជាក់ថា បើតាមអនុរដ្ឋមន្ត្រីសិទ្ធិមនុស្ស ក្នុងរដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា ជនជាតិរ៉ូហ៉ីងយ៉ាប្រហែល ៧០,០០០នាក់ ដែលបច្ចុប្បន្ននៅក្នុងទីក្រុង Maungdaw ត្រូវបានជាប់គាំង ខណៈដែលការប្រយុទ្ធគ្នាកាន់តែខិតជិតមកដល់។ ការវាយប្រហាររបស់ Arakan Army លើទីក្រុង Maungdaw គឺជាការវាយប្រហារចុងក្រោយបង្អស់របស់ខ្លួន ក្នុងរយៈពេលជាច្រើនខែ ប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា៕