(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese និងនាយករដ្ឋមន្រ្តីចិន លោក Li Qiang បានជួបគ្នានៅថ្ងៃចន្ទនេះ និងពិភាក្សាគ្នាអំពីទំនាក់ទំនងពាណិជ្ជកម្ម សន្តិសុខតំបន់ រួមទាំងបញ្ហាអ្នកនិពន្ធជនជាតិអូស្រ្តាលីម្នាក់ ដែលជាប់ពន្ធគារនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានបញ្ជាក់ថា «ជំនួបនេះ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ ដើម្បីគ្រប់គ្រងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំនួន ដែលយើងមាន ក៏ដូចជាការស្វែងរកកិច្ចសហប្រតិបត្តិការគ្នា»

លោក Li ទំនងជានឹងលើកឡើង អំពីបញ្ហាថាតើអូស្ត្រាលី នឹងបន្តទទួលយកការវិនិយោគកម្រិតខ្ពស់របស់ចិន នៅក្នុងវិស័យរ៉ែសំខាន់ៗរបស់ខ្លួនឬយ៉ាងណា ខណៈសម្ព័ន្ធមិត្តសន្តិសុខលោកខាងលិច កំពុងជំរុញឱ្យមានការកាត់បន្ថយការពឹងផ្អែកលើចិន ជុំវិញវិស័យនេះ។ កាលពីខែមុន អូស្រ្តាលី ក៏បានរារាំងអ្នកវិនិយោគចិនមួយចំនួន ពីការបង្កើនភាគហ៊ុននៅក្នុងក្រុមហ៊ុនរុករករ៉ែកម្រ ដោយផ្អែកលើមូលដ្ឋានផលប្រយោជន៍ជាតិ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ Li ទៅកាន់អូស្រ្តាលី គឺជាដំណើរទស្សនកិច្ចនៃមន្ត្រីថ្នាក់កំពូលមួយរូបរបស់ចិន បន្ទាប់ពីប្រធានាធិបតី លោក ស៉ី ជីនពីង ដើម្បីបង្ហាញពីស្ថិរភាពក្នុងទំនាក់ទំនងរវាងអូស្រ្តាលី ដែលសម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ និងនៅបន្ទាប់ពីទីក្រុងប៉េកាំង បានរឹតត្បិតការនាំចេញរបស់អូស្ត្រាលី គិតទឹកប្រាក់ ២០ពាន់លានដុល្លារ ក៏ដូចជាបញ្ហាទាក់ទងនឹងផ្នែកការពារជាតិ។

ទំហំពាណិជ្ជកម្មរវាងអូស្ត្រាលី និងចិនបានកើនឡើងដល់ចំនួន ៣២៧ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ២១៥ពាន់លានដុល្លារ កាលពីឆ្នាំមុន ខណៈដែលរបាំងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ត្រូវបានលុបចោល។ ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី-ចិន និយាយថា ប្រសិនបើគ្មានប្រទេសចិន ដែលទទួលយកចំណែក ១ភាគ ៣នៃការនាំចេញរបស់អូស្ត្រាលី ហើយជាអ្នកផ្គត់ផ្គង់ ១ភាគ ៤នៃការនាំចូលរបស់អូស្ត្រាលី នោះអូស្ត្រាលីនឹងត្រូវចំណាយថវិកា ៤.២ភាគរយបន្ថែមទៀតសម្រាប់ទំនិញប្រើប្រាស់៕