Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែល ព្រមានពីការកើនឡើងភាពតានតឹងនៅព្រំដែនលីបង់ ដោយសារការបាញ់ផ្លោងរបស់ក្រុមហេសប៊ូលឡា (Video inside)

17-06-2024 08:47

(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ការបាញ់ផ្លោងឆ្លងព្រំដែនយ៉ាងខ្លាំងក្លាពីក្រុមហេសប៊ូលឡា របស់លីបង់ ចូលមកទឹកដីអ៉ីស្រាអែល អាចបង្កឱ្យមានភាពតានតឹងថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari បានបញ្ជាក់ថា «ការបាញ់ផ្លោងកាន់តែខ្លាំងឡើងរបស់ហេសប៊ូលឡា កំពុងនាំយើងខិតទៅរកការប្រឈមមុខដាក់គ្នា ដែលអាចបង្កជាផលវិបាកដ៏អាក្រក់ សម្រាប់លីបង់ និងតំបន់ទាំងមូលតែម្តង»។ លោក Hagari បន្ថែមថា «អ៉ីស្រាអែល នឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារជនស៉ីវិលរបស់ខ្លួន រហូតដល់សន្តិសុខនៅតាមព្រំដែនជាមួយលីបង់ ត្រូវបានស្ដារឡើងវិញ»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមហេសប៊ូលឡាគាំទ្រដោយអ៉ីរ៉ង់ បានបាញ់រ៉ុក្កែត និងយន្តហោះដ្រូនក្នុងចំនួនច្រើនមិនធ្លាប់មានសម្រាប់រយៈពេល ៨ខែនៃការបាញ់ផ្លោងដាក់គ្នាជាមួយយោធាអ៉ីស្រាអែល។ យោធា​អ៉ីស្រាអែលវិញ ​​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​ជាច្រើន​លើក​ ប្រឆាំង​នឹង​ក្រុម​នេះ​នៅភាគ​ខាង​ត្បូង​លីបង់៕