(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃអាទិត្យនេះ កងទ័ពអ៉ីស្រាអែលបានប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តការផ្អាកសកម្មភាពយោធា នៅផ្នែកខ្លះនៃភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) អំឡុងចន្លោះម៉ោងនាពេលថ្ងៃ ជារៀងរាល់ថ្ងៃ ក្រោមគោលបំណងជួយសម្រួល ដល់កិច្ចប្រឹងប្រែងផ្តល់ជំនួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។
យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការផ្អាកសកម្មភាពយោធាក្រោមបុព្វហេតុមនុស្សធម៌ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោង១៩៖០០នាទីយប់ ជារៀងរាល់ថ្ងៃ រហូតទាល់តែមានសេចក្តីជូនដំណឹងថ្មី ដោយវានឹងត្រូវអនុវត្តនៅតាមបណ្តោយផ្លូវ ដែលចេញពីច្រកព្រំដែន Kerem Shalom ឆ្ពោះទៅកាន់ផ្លូវ Salah al-Din និងបន្ទាប់មក បន្តឆ្ពោះទៅទិសខាងជើង។
សេចក្តីថ្លែងការណ៍របស់កងទ័ពអ៉ីស្រាអែល បានបន្តថា ការសម្រេចចិត្តនេះ គឺជាផ្នែកនៃកិច្ចប្រឹងប្រែង សំដៅបង្កើនលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ Gaza ក្រោយមានការពិភាក្សាគ្នាជាមួយ UN និងអង្គការដទៃទៀត។ ជាយូរមកហើយ អ៉ីស្រាអែលបាននិយាយការពារកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការសម្រួលដល់ដំណើរការផ្តល់ជំនួយ រួមមានទាំងតាមរយៈច្រក Karem Shalom ប៉ុន្តែអង្គការមនុស្សធម៌ បានព្រមានជាច្រើនខែមកហើយ អំពីស្ថានភាពខ្វះខាតធ្ងន់ធ្ងរ នៃស្បៀងអាហារនិងរបស់ចាំបាច់ផ្សេងៗទៀត នៅតំបន់ Gaza។ យោងតាមអង្គការសុខភាពពិភពលោក WHO កុមារចំនួនលើស៨,០០០នាក់ មានអាយុក្រោម៥ឆ្នាំ នៅ Gaza បានជួបប្រទះបញ្ហាខ្វះអាហារូបត្ថម្ភ ក្នុងកម្រិតខ្លាំងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួលអន្តរជាតិ បាននិងកំពុងព្យាយាមជំរុញឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន យល់ព្រមចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលផ្តួចផ្តើមដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីអនុញ្ញាតឱ្យមានការដោះដូរចំណាប់ខ្មាំង-អ្នកទោស និងការបង្កើនលំហូរជំនួយ ប៉ុន្តែដំណើរការចរចាកិច្ចព្រមព្រៀងនោះ បានជាប់គាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ៕