(តៃប៉ិ)៖ នាថ្ងៃអាទិត្យនេះ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា ចិនចាត់ទុកការក្រសោបយក និងការកម្ចាត់កោះតៃវ៉ាន់ ជាបុព្វហេតុដ៏អស្ចារ្យមួយរបស់ខ្លួន ហើយលោកបានប្រាប់ទៅកាន់ ក្រុមនិស្សិតនៅសាលាយោធាតៃវ៉ាន់មួយថា ពួកគេចាំបាច់ត្រូវតែស្គាល់សត្រូវឱ្យច្បាស់ និងកុំប្រកាន់គំនិតបរាជ័យនិយម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងនៅទីក្រុង Kaohsiung នាឱកាសខួបនៃការបង្កើតសាលាបណ្ឌិតយោធា Whampoa លោក Lai បានលើកឡើងថា និស្សិតយោធានាពេលបច្ចុប្បន្ននេះ ចាំបាច់ត្រូវតែទទួលស្គាល់ បញ្ហាប្រឈមផ្សេងៗនៃយុគសម័យថ្មី។ លោកមេដឹកនាំតៃវ៉ាន់ បាននិយាយយ៉ាងដូច្នេះថា «បញ្ហាប្រឈមធំជាងគេបំផុត គឺត្រូវតទល់ជាមួយការកើនឡើងនៃអំណាចរបស់ចិន ដែលកំពុងធ្វើឱ្យខូចស្ថានភាពដើម នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយចាត់ទុកការក្រសោបយក ក៏ដូចជាការកម្ចាត់កោះតៃវ៉ាន់ ជាបុព្វហេតុដ៏អស្ចារ្យរបស់ពួកគេ»។
លោក Lai បានបន្តថា ក្រុមនិស្សិតយោធាត្រូវតែការពារតៃវ៉ាន់ កុំឱ្យចិនវាយដណ្តើមយកបាន នៅថ្ងៃណាមួយ ហើយមានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចលើ អនាគតររបស់ដែនកោះនេះ។ លោក Lai បានសង្កត់ធ្ងន់ដូច្នេះទៀតថា «យើងចាំបាច់ណាស់ត្រូវតែ មានសមត្ថភាពបែងចែករវាងខ្លួនយើង ហើយនិងសត្រូវរបស់យើង គឺរវាងមិត្តនិងសត្រូវ ហើយដាច់ខាតមិនអាច ទទួលយកនូវគំនិតបរាជ័យនិយម ដែលថាសមរភូមិដំបូង គឺជាសមរភូមិចុងក្រោយ នោះឡើយ»។ ក្នុងឃ្លាចុងក្រោយនេះ លោក Lai ចង់សំដៅលើទ្រឹស្តីដែលថា តៃវ៉ាន់អាចនឹងត្រូវដួលរលំមួយរំពិច នៅពេលចិនបើកការវាយប្រហារណាមួយ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ត្រូវចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននោះទេ នៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំង បានប្តេជ្ញាយ៉ាងមុតមាំថា នឹងបង្រួបបង្រួមគ្នាវិញនៅថ្ងៃណាមួយ ទោះត្រូវប្រើកម្លាំងយោធាក៏ដោយ ប្រសិនបើចាំបាច់។ លោក Lai ដែលបានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មី កាលពីខែឧសភា ត្រូវទីក្រុងប៉េកាំងចាត់ទុក ជាបុគ្គលចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់។ ប៉ុន្មានថ្ងៃក្រោយលោកស្បថចូលកាន់តំណែងជាផ្លូវការ ចិនបានធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះតៃវ៉ាន់៕