(ព្រុចសែល)៖ បែលហ្ស៉ិកដែលជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប (EU) បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមឯកអគ្គរាជទូត-រដ្ឋទូតរបស់ EU បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមជាផ្លូវការ នូវកិច្ចចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប ជាមួយអ៊ុយក្រែននិងម៉ុលដាវី ហើយវានឹងប្រព្រឹត្តទៅ អំឡុងសន្និសីទអន្តររដ្ឋាភិបាល នាថ្ងៃទី២៥ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។
បែលហ្ស៉ិកបាននិយាយថា ការសម្រេចចិត្តដូចខាងលើ គួរតែត្រូវបានទទួលស្គាល់ជាផ្លូវការ អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងសេដ្ឋកិច្ច EU នាថ្ងៃសុក្រសប្តាហ៍ក្រោយ។ ការចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុប នឹងជាការជំរុញកម្លាំងចិត្តមួយសម្រាប់អ៊ុយក្រែន ស្របពេលដែលកងកម្លាំងរបស់រុស្ស៉ី កំពុងតែទទួលបានភាពរីកចម្រើន នៅតំបន់ Donetsk និងកំពុងបើកសមរភូមិថ្មី នៅតំបន់ Kharkiv ភាគឦសាន។
គួរបញ្ជាក់ថា សមាជិកទាំង២៧ របស់ EU ចាប់តាំងត្រូវតែឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីឱ្យកិច្ចចរចាស្តីពីការចូលជាសមាជិក អាចចាប់ផ្តើមជាផ្លូវការបាន ហើយដំណើរការពិភាក្សាគ្នានេះ ជាទូទៅប្រើប្រាស់ពេលវេលារាប់ច្រើនឆ្នាំ មុនឈានដល់ការសម្រេចចុងក្រោយ។ អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិករបស់ EU នៅប៉ុន្មានថ្ងៃ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយ៤ខែក្រោយមក ក៏ទទួលបានឋានៈជាបេក្ខភាពសមាជិក។ ចំណែក ម៉ុលដាវីដែលជាប្រទេសនៅក្បែរអ៊ុយក្រែន បានធ្វើដូចគ្នាកាលពីមីនា ឆ្នាំដដែលនោះ ហើយត្រូវបានផ្តល់ឋានៈបេក្ខភាពសមាជិក នៅរយៈពេល៣ខែបន្ទាប់៕