(Lucerne, ស្វីស)៖ បណ្ដាមេដឹកនាំពិភពលោកបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស្វីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្ដីពីសន្តិភាពនៅអ៊ុយក្រែនដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ឱ្យទីក្រុងកៀវទម្លាក់អាវុធចុះចាញ់ ប្រសិនបើពិតជាចង់ចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។ កិច្ចប្រជុំកំពូលស្ដីពី សន្តិភាពមានរយៈពេល២ថ្ងៃនេះនៅឯរីសត Burgenstock នឹងមានការចូលរួមពីលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ច្រើនជាង៥០រូប ក៏ដូចជាអ្នកតំណាងអង្គការអន្តរជាតិផងដែរ។

ស្វីសបាននិយាយថាគោលដៅនៃការរៀបចំកិច្ចប្រជុំស្ដីពីសន្តិភាពនៅអ៊ុយក្រែន ដែលធ្វើឡើងតបតាមសំណើរបស់លោក ហ្សេលេនស្គី គឺមានគោលបំណងបង្កើតមូលដ្ឋានមួយដើម្បី ត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាពមួយនៅពេលអនាគតមានការចូលរួមពីរុស្ស៉ីដែរ។ ប៉ុន្តែលោក ពូទីន បានចាត់ទុកកិច្ចប្រជុំនៅស្វីសនេះថាគ្រាន់តែជា «ឧបាយកលបង្វែរ ចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាតែប៉ុណ្ណោះ»។ លោកបានបន្ថែមទៀតថាទីក្រុងមូស្គូនឹងទទួលយកបទឈប់បាញ់ ហើយចូលតុចរចាសន្តិភាពភ្លាមៗ ប្រសិនបើទីក្រុងកៀវដកកងទ័ព ចេញពីតំបន់ភាគខាងកើត និងភាគខាងត្បូង ក៏ដូចជាបោះបង់ចោលមហិច្ឆតាចង់ក្លាយជាសមាជិក NATO។ ជាការឆ្លើយតបភ្លាមៗ លោក ហ្សេលេនស្គី បានប្រៀបប្រដូចសំណើរបស់ លោក ពូទីន ទៅនឹងសំណើកាត់ទឹកដីធ្វើឡើងដោយអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ Adolf Hitler ខណៈNATO​ និងសហរដ្ឋអាមេរិកក៏បានច្រានចោលលក្ខខណ្ឌរបស់ប្រមុខ វិមានក្រឹមឡាំងរូបនេះដែរ។

* ​កម្ចី ៥០ពាន់លានដុល្លារពី G7 និងកិច្ចព្រមព្រៀងសន្តិសុខ

កិច្ចប្រជុំ G7 នៅក្នុងប្រទេសអ៉ីតាលី ដែលលោក ហ្សេលេនស្គី ត្រូវបានអញ្ជើញឱ្យចូលរួមដែរនោះ បានសន្យាផ្ដល់កម្ចី ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន តាមរយៈការប្រើប្រាស់ ផលចំណេញបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៉ីដែលត្រូវបានបង្កកនៅតាមបណ្ដាប្រទេសលោកខាងលិច។ ក្រុមមេដឹកនាំ G7 ក៏បានបង្ហាញការប្ដេជ្ញាចិត្តដែរថាពួកគេនឹងបន្តគាំទ្រ អ៊ុយក្រែន ដរាបណាអ៊ុយក្រែននៅតែត្រូវការ។ រីឯ លោក ហ្សេលេនស្គីវិញបាននិយាយថាកម្ចីថ្មីនេះនឹងត្រូវប្រើប្រាស់លើវិស័យការពារជាតិ និងការកសាងប្រទេសឡើងវិញ រីឯលោក ពូទីនហៅចំណាត់ការរបស់លោកខាងលិចចំពោះទ្រព្យសម្បត្តិរុស្ស៉ីគឺជា «ចោរលួច» ដែលនឹងមិនអាចរួចខ្លួនជាដាច់ខាត។

នៅឯកិច្ចប្រជុំ G7​ ក្នុងសប្ដាហ៍នេះនៅឯអ៉ីតាលីផងដែរ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក ហ្សេលេនស្គីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាប្រវត្តិសាស្ត្រមួយ មានសុពលភាព ១០ឆ្នាំ ដោយនៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធា និងការបណ្ដុះបណ្ដាលសម្រាប់អ៊ុយក្រែន។ បើតាមលោក ហ្សេលេនស្គី ការចុះ កិច្ចព្រមព្រៀងនេះគឺជាស្ពានមួយសម្រាប់ឱ្យអ៊ុយក្រែនដើរឆ្លងឆ្ពោះទៅរកសមាជិកភាព NATO។ លោក ចូ បៃដិន នឹងមិនមានវត្តមានក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពនៅអ៊ុយក្រែនក្នុង ប្រទេសស្វីសនោះទេ ដោយសម្រេចបញ្ជូនអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ឱ្យចូលរួមជំនួសជាតំណាងរបស់សហរដ្ឋអាមេរិក ស្របពេលបណ្ដាមេដឹកនាំ G7​ ផ្សេងទៀតដូចជាចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងអ៉ីតាលី គ្រោងនឹងចូលរួម។ កិច្ចប្រជុំសន្តិភាពក្នុងប្រទេសស្វីសមានគោលបំណងចង់ឃើញប្រទេសចំនួន៩២ ដែលសម្រេចចិត្តចូលរួម ឯកភាពគ្នាលើការចេញសេចក្ដីថ្លែងការណ៍មួយពាក់ព័ន្ធនឹងគោលការណ៍ជាមូលដ្ឋានមួយចំនួន។ សម្ព័ន្ធមិត្តរបស់រុស្ស៉ីក្នុងក្រុមប្រទេស BRICS ដូចជាប្រេស៊ីល និងអាហ្រ្វិកខាងត្បូង បានបញ្ជូនប្រេសិតឱ្យចូលរួម រីឯឥណ្ឌានឹងត្រូវបានតំណាងដោយកម្រិតរដ្ឋមន្ត្រី ហើយចិនវិញសម្រេចចិត្តមិនទៅចូលរួមទេ ពីព្រោះគ្មានវត្តមានរុស្ស៉ីដែលជា ភាគីជម្លោះ។

*​ ស្វែងរកចំណុចរួម

កិច្ចប្រជុំស្ដីពីសន្តិភាពនៅអ៊ុយក្រែន ត្រូវធ្វើឡើងនៅឯរីសត Burgenstock ស្ថិតនៅតាមបណ្ដោយបឹង Lucerne។ កិច្ចប្រជុំនេះនឹងផ្ដោតសំខាន់លើប្រធានបទចង្អៀត ដោយផ្អែកលើ ការស្វែងរកចំណុចរួម នៅចន្លោះរវាងផែនការសន្តិភាពទាំង១០ចំណុចរបស់លោក ហ្សេលេនស្គី និងដំណោះស្រាយរបស់ UN ស្ដីពីសង្រ្គាមនៅអ៊ុយក្រែន ដែលត្រូវបានអនុម័តជាមួយ សំឡេងគាំទ្រភាគច្រើនលើសលប់នាពេលកន្លងមក។ កិច្ចប្រជុំកំពូលនេះក៏មានគោលដៅស្វែងរកជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនដែរ ដោយផ្អែកលើមូលដ្ឋាន ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលអាចនឹងក្លាយជាគោលការណ៍មួយដើម្បីសម្រេចឱ្យបាននូវគោលដៅ និងផែនការមួយថាតើត្រូវធ្វើយ៉ាងណា ទើបអាចនាំរុស្ស៉ី និងអ៊ុយក្រែន ទៅរកតុចរចាសន្តិភាពនៅពេលអនាគត? ប៉ុន្តែ ក្រុមអ្នកវិភាគជាច្រើនមិនរំពឹងខ្ពស់ចំពោះកិច្ចប្រជុំកំពូលនៅស្វីសនេះឡើយ។ «កិច្ចប្រជុំដ៏មានអត្ថន័យដែលអាចនឹង បញ្ចប់យ៉ាងពិតប្រាកដនូវសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅអ៊ុយក្រែន គឺនៅលើផ្លូវវែងឆ្ងាយនៅឡើយ ខណៈទាំងមូស្គូ និងកៀវសុទ្ធតែប្រកាន់ជំហរម៉ឺងម៉ាត់រៀងៗខ្លួនចំពោះជ័យជម្នះដោយចង់ ផ្ដួលភាគីម្ខាងៗ»។ នេះជាការយល់ឃើញរបស់អង្គការ International Crisis Group ដោយបន្តថា «ទីក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួន ប្រហែលជាមិនអាចទទួលបានលទ្ធផល ជាក់ស្ដែងពីកិច្ចប្រជុំនេះ... ក្រៅតែពីការអះអាងឡើងវិញពីគោលការណ៍បូរណភាពទឹកដីដែលមានចែងក្នុងធម្មនុញ្ញ UN នោះឡើយ»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពនៅអ៊ុយក្រែន ក្នុងប្រទេសស្វីស នឹងផ្តោតលើចំណុចចំនួន៣ ក្នុងចំណោម១០ចំណុចនៃផែនការសន្តិភាពរបស់អ៊ុយក្រែន ក្នុងនោះរួមមាន សន្តិសុខនុយក្លេអ៊ែរ សន្តិសុខស្បៀងអាហារ និងការដោះលែងឈ្លើយសឹក ព្រមទាំងកុមារអ៊ុយក្រែនដែលត្រូវបានចាប់ពង្រត់ទៅរុស្ស៉ី៕