(ម៉ានីល)៖ ប្រមុខយោធាហ្វីលីពីន បានជំរុញឱ្យអ្នកនេសាទហ្វីលីពីន បន្តធ្វើការនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេស នៅឯតំបន់សមុទ្រចិនខាងត្បូង បើទោះជា វិធានការថ្មីមួយរបស់ឆ្មាំសមុទ្រចិនដែលអនុញ្ញាតឱ្យឃុំខ្លួនអ្នកល្មើស ដោយពុំចាំបាច់ឆ្លងកាត់សវនាការចូលជាធរមាននៅថ្ងៃទី១៥ ខែមិថុនានេះក៏ដោយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនដែលបានទាមទារសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងផែ្នកដែលកំពុងប្រទាញប្រទង់គ្នាជាមួយហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម បានចេញវិធានការថ្មីមួយអនុវត្តតាមច្បាប់មួយកាលពីឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យឆ្មាំសមុទ្ររបស់ខ្លួនប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងទូក ឬនាវា បរទេស ដែលបំពានចូលក្នុងដែនទឹកដែលប៉េកាំងអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។

យ៉ាងណានេះក្ដី ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី១៤ ខែមិថុនា ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានគូសបញ្ជាក់ដូច្នេះថា «ជា សាររបស់យើងផ្ញើទៅកាន់អ្នកនេសាទរបស់យើង នោះគឺពួកគេមិនត្រូវភ័យខ្លាចនោះទេ ហើយត្រូវបន្តធ្វើការនេសាទជាធម្មតានៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់យើង។ ពីព្រោះ យើងមានសិទ្ធិក្នុងការទាញយកប្រយោជន៍ពីធនធាននៅក្នុងតំបន់ ដូច្នេះអ្នកនេសាទរបស់យើងគ្មានហេតុផលអ្វីត្រូវភ័យខ្លាចឡើយ»

គួរបញ្ជាក់ថា បើតាមវិធានការថ្មីរបស់ចិនដែលត្រូវចូលជាធរមាននៅថ្ងៃទី១៥ ខែមិថុនានេះ ឆ្មាំសមុទ្រចិនមានសិទ្ធិឃុំខ្លួនអ្នកដែលបំពានចូលដោយគ្មានការអនុញ្ញាត រយៈពេល ៦០ថ្ងៃ ដោយពុំចាំបាច់ឆ្លងកាត់សវនាការកាត់ទោស៕