(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រ ទី១៤ ខែមិថុនាថាកងទ័ពរុស្ស៉ីជិត ៧០០ ០០០នាក់ កំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ហើយការបញ្ជាក់បែបនេះធ្វើឡើងបន្ទាប់ពីរុស្ស៉ីកាលពីខែឧសភាកន្លងទៅ បានបើកប្រតិបត្តិការវាយលុកជាថ្មីក្នុងតំបន់ Kharkiv ស្ថិតនៅភាគឦសានរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែធ្នូ ឆ្នាំ២០២៣ លោក ពូទីន ក៏ធ្លាប់បានឱ្យដឹងដែរថាកងទ័ពរុស្ស៉ី ៦១៧ ០០០នាក់កំពុងប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែល លោកខាងលិច និងទីក្រុងកៀវចាត់ទុកថាជាការឈ្លានពានខុសច្បាប់។ ជាថ្មីម្ដងទៀត ក្នុងជំនួបមួយផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេសរបស់យើង គឺមានកងទ័ពជិត ៧០០ ០០០នាក់»។

គួរបញ្ជាក់ថា រុស្ស៉ីកម្រនឹងនិយាយពីចំនួនកងទ័ពស្លាប់ និងរបួសនៅក្នុងសង្រ្គាមអ៊ុយក្រែនណាស់ ដោយកាលពីខែកញ្ញា ឆ្នាំ២០២២ មូស្គូឱ្យដឹងថាកងទ័ពរបស់ខ្លួន ៥៩៣៧នាក់បានស្លាប់នៅលើសមរភូមិ។ ប៉ុន្តែ អ្នកវិភាគលោកខាងលិចជឿថាទាហានរុស្ស៉ីស្លាប់ និងរងរបួសមានដល់រាប់សែននាក់ឯណោះ។ ចំណែក ខាងអ៊ុយក្រែនវិញ លោកប្រធានាធិបតី ហ្សេលេនស្គី បានឱ្យដឹងកាលពីខែកុម្ភៈ ឆ្នាំ២០២៤ថាកងទ័ពអ៊ុយក្រែន ៣១០០០បានស្លាប់នៅក្នុងសង្គ្រាមអូសបន្លាយពេលជាង២ឆ្នាំមកនេះ៕