(ម៉ូស្គូ)៖ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងស្ថិតក្នុងសភាពលង់កាន់តែជ្រៅ។ ខណៈអ៊ុយក្រែនកាន់ តែប្រើប្រាស់អាវុធជំនួយពីបស្ចឹមប្រទេសវាយប្រហារដាក់លើគោលដៅក្នុងទឹកដីរុស្ស៊ី រដ្ឋាភិ បាលវិមានក្រឹមឡាំង បានបង្ហាញការត្រៀមលក្ខណៈប្រុងប្រៀបអាវុធនុយក្លេអ៊ែ័រតាក់ទិកផងដែរ។ សហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តក្នុងសប្តាហ៍នេះ កាន់តែបង្កើនសម្ពាធដាក់មកលើ រុស្ស៊ីតាមរយៈដាក់ចេញនូវយុទ្ធសាស្ត្រយូរអង្វែងមួយដែលជួយអ៊ុយក្រែនធ្វើសង្គ្រាមបន្តជា ច្រើនឆ្នាំដោយមិនបារម្ភលើការខ្វះខាតគ្រឿងសព្វាវុធនិងគ្រាប់រំសេវឡើយ។

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរបានលេចមុខសាជាថ្មីក្នុងការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែ័រ តាក់ទិក ក្នុងតំបន់មួយជាប់នឹងព្រំដែនអ៊ុយក្រែន ដែលជាសមយុទ្ធលើកទី២ហើយនៃការ បង្ហាញភាពប្រុងប្រៀបត្រៀមលក្ខណៈ​ប្រយុទ្ធរបស់ខ្លួន ជាមួយសត្រូវដោយការប្រើប្រាស់អាវុធប្រល័យ លោកនេះ។

លោកវ្លាឌីមៀរពូទីន បានបញ្ជាលើលំហាត់សមយុទ្ធនុយក្លេអ៊ែ័រស្ថិតលើទីតាំងស្ថិតនៅក្នុង ទឹកដីភាគខាងត្បូងរុស្ស៊ីជាប់នឹងព្រំដែនរបស់អ៊ុយក្រែន ដោយសមយុទ្ធក្នុងសប្តាហ៍នេះ បាន ចូលរួមដោយកម្លាំងទាហានពីក្នុងតំបន់យោធា Leningrad នាភាគពាយព្យប្រទេសផងដែរ។ លោកពូទីនបានបញ្ជាការធ្វើសមយុទ្ធយោធាអាវុធនុយក្លេអ៊ែ័រតាក់ទិកលើកទីមួយ នៅថ្ងៃទី២១ឧសភា និងដំណាក់កាលសមយុទ្ធអាវុធនុយក្លេអ៊ែ័រតាក់ទិកលើកទី២ចាប់ផ្តើមថ្ងៃអង្គារ៍ទី១១ មិថុនាជាមួយការចូលរួមផងដែរពីកងកម្លាំងនៃប្រទេសបេឡារុស។ បើគ្មានការមើលឃើញនូវ ភាពគំរាមកំហែងណាមួយនោះទេ ការធ្វើលំហាត់សមយុទ្ធនេះនឹងមិនត្រូវបានការចាប់ អារម្មណ៍ខ្លាំងឡើយ។ លោកវ្លាឌីមៀរពូទីនបានប្រកាសកាលពីខែឧសភាមុននេះថាសមយុទ្ធ អាវុធនុយក្លេអ៊ែ័រ នឹងធ្វើឡើងក្នុងពេលណាដែលមានភាពតានតឹងកាន់តែកើនឡើង។ សមយុទ្ធអាវុធតាក់ទិកនុយក្លេអ៊ែ័រនេះក៏រួមមានបញ្ចូលទាំងកាណុងបាញ់មីស៊ីលចល័តទាំង កម្លាំងជើងអាកាសនិងកម្លាំងជើងទឹកផងទៀត។

រុស្ស៊ីបានថ្លែងថាសហរដ្ឋអាមេរិកនិងនិងប្រទេសសម្ព័ន្ធមិត្តក្នុងទ្វីបអឺរ៉ុបកំពុង តែរុញច្រានពិភព លោកឱ្យធ្លាក់ចូលមាត់ជ្រោះនៃការប្រឈមមុខអាវុធនុយក្លេអ៊េ័រ ដោយការផ្តល់ឱ្យអ៊ុយក្រែន នូវជំនួយទិញអាវុធរាប់សិបពាន់លានដុល្លារ ដែលអាវុធខ្លះទាំងនោះថែមទាំងត្រូវបានប្រើ ប្រាស់បាញ់ដាក់លើទឹកដីរបស់រុស្ស៊ីថែមទៀត។
លំហាត់សមយុទ្ធនេះ បានទន្ទឹ​មនឹងអ្វីដែលអ៊ុយក្រែនកំពុងបញ្ចេញស្នាដៃការវាយប្រហារ ដាក់ទៅលើគោលដៅក្នុងទឹកដីរុស្ស៊ីវិញ តាមរយៈជំនួយរបស់ប្រទេសលោកខាងលិច។ ប្រព័ន្ធ អាវុធមីស៊ីល S-300 របស់រុស្ស៊ី ត្រូវបានកងកម្លាំងអ៊ុយក្រែនអះអាងការប្រើប្រាស់ប្រព័ន្ធអាវុធ មីស៊ីល HIMARS បាញ់ឆេះនៅក្នុងទឹកដីខេត្ត Belgorod របស់រុស្ស៊ីនៅថ្ងៃទី១មិថុនា។

កាលពីថ្ងៃ​ចន្ទទី៣មិថុនា អ៊ុយក្រែនបានរាយការណ៍ជាបន្តថាគេបានវាយប្រហារដាក់លើ ប្រព័ន្ធមីស៊ីលការពារអាកាសរបស់រុស្ស៊ីបានចំនួន៣គ្រឿងនៅក្បែរតំបន់ Yevpatoriya និង តំបន់ Chornomorske លើឧបទ្វីបគ្រីមៀរ និងថាការវាយប្រហារនោះបានបង្កឱ្យខូ​ចប្រព័ន្ធ រ៉ាដា និងការវាយប្រហារមួយលើកទៀតកាលពីថ្ងៃទី១២មិថុនា អ៊ុយក្រេនបានអះអាងថា បានបាញ់ដាក់លើប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៃប្រព័ន្ធមីស៊ីល S-300 មួយគ្រឿង និងប្រព័ន្ធមីស៊ីល S-400 ២គ្រឿង ក្បែរក្រុង Belbek និងក្រុង Sevastopol។ យោធាអ៊ុយក្រែនបានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា «ជាលទ្ធផលនៃការវាយប្រហារនោះ, រ៉ាដា២រប​ស់ប្រព័ន្ធមីស៊ីល S-300 និងប្រព័ន្ធមីស៊ីល S-400 ត្រូវបានបំផ្លាញ»។

អភិបាលក្រុងSevastopol របស់រុស្ស៊ីបានថ្លែងប្រតិកម្មវិញថាប្រព័ន្ធការពារដែនអាកាសរបស់ រុស្ស៊ីបានទប់ស្កាត់ការវាយប្រហារនោះទាំងកណ្តាលយប់ និងថាមិនការខូចខាតអ្វីបានកើត ឡើងនោះទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកឡយអូស្ទីន បានថ្លែងកត់សម្គាល់ ថាបន្ទាប់ពីបានដកចេញនូវបំរាមប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកនោះមក ​សកម្មភាព វាយប្រហាររុលទៅមុខរបស់រុស្ស៊ីក្នុងតំបន់ Kharkiv ហាក់ដូចជាមានសភាពយឺតយ៉ាវជាងមុន ដោយសារ តែអ៊ុយក្រែនបានប្រើប្រាស់អាវុធជំនួយបាញ់ដាក់លើគោលដៅក្នុងទឹកដីរុស្ស៊ី ដែលធ្វើឱ្យស្ថាន ភាពលើសមរភូមិមានសភាពប្រែប្រួល។ លោកឡយ​អូស្ទីន បានថ្លែងកាលពីថ្ងៃ ព្រហស្បតិ៍ទី១៣មិថុនាក្នុងកិច្ចប្រជុំក្រុមប្រទេសG7នៅអ៊ីតាលីថា ខ្សែប្រយុទ្ធជួរមុខមាន សភាពល្អឡើងវិញហើយ។

លោកឡយ​អូស្ទីន បានថ្លែងប្រាប់អ្នកកាសែតថា អ៊ុយក្រែនបានធ្វើកិច្ចការពង្រឹងទីតាំងការ ពាររបស់ខ្លួនជាច្រើន និងបានប្រើប្រាស់អាវុធនៃជំនួយយ៉ាងល្អប្រសើរ។ រដ្ឋមន្ត្រីការពារជាតិ អាមេរិកដដែលបានថ្លែងថាគ្រឿងសព្វាវុធអាមេរិកជាច្រើនទៀត បាននិងកំពុងដឹកជញ្ជួនមក ឱ្យអ៊ុយក្រែនជាបន្តបន្ទាប់ និងលោកបង្ហាញក្តីជឿជាក់ថាអ៊ុយក្រែនជាមួយនឹងអាវុធថ្មីៗទាំង នោះ នឹងមានប្រៀបរបស់ខ្លួនលើការប្រយុទ្ធនៅក្នុងសមរភូមិ។ សេចក្តីរាយការណ៍បង្ហាញថា ចាប់តាំងពីមានការដកបំរាមរបស់សហរដ្ឋអាមេរិកនោះមក អ៊ុយក្រែនបានធ្វើការវាយប្រហារ ជាច្រើនលើកដាក់ចូលក្នុងទឹកដីរុស្ស៊ីជាពិសេសនៅក្នុងតំបន់គ្រីមៀរដែលរុស្ស៊ីបានគ្រប់គ្រង។

សហរដ្ឋអាមេរិកនិងអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេលយូរគ្រាដែលរុស្ស៊ីបានធ្វើសមយុទ្ធអាវុធតាក់ទិកនុយក្លេអ៊ែ័រនេះ អ៊ុយក្រែននិងសហរដ្ឋអាមេរិក នាកិច្ចប្រជុំកំពូលG7 ក្នុងប្រទេសអ៊ីតាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខ រយៈពេល១០ ឆ្នាំក្នុងលទ្ធភាពជួយអ៊ុយក្រែនអាចធ្វើសង្គ្រាមបានច្រើនឆ្នាំទៅមុខថែមទៀតប្រឆាំងនឹងរុស្ស៊ី។ កិច្ចព្រមព្រៀងសន្តិសុខរយៈពេល១០ឆ្នាំនោះ បានសន្យាបន្តជួយបង្វឹកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន, បង្កើនកិច្ចសហប្រតិបត្តិការក្នុងការផលិតអាវុធនិងឧបករណ៍ យោធានិងការបន្តផ្តល់ការជួយចែករំលែកលើព័ត៌មានសម្ងាត់ជាដើម។

មេដឹកនាំសហរដ្ឋមេរិកលោកចូបៃដិននិងលោកហ្សេឡិនស្គីបានជួបជាមួយគ្នានៅថ្ងៃ ព្រហស្បតិ៍ដែលមានការចុះហត្ថលេខា និងលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែង បញ្ជាក់ក្នុងពេលនោះថា «យើងនឹងឈរជាមួយអ៊ុយក្រែន» និងលោកបានសច្ចាគាំទ្រអ៊ុយ ក្រែនក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ លោកចូបៃដិនបានថ្លែងថាសហរដ្ឋអាមេរិកនឹងជួយ ឱ្យអ៊ុយក្រែនអាចមានសមត្ថភាពការពារខ្លួន និងមានសមត្ថភាពដើម្បីទប់ទល់ចំពោះការវាយ ប្រហាររបស់សត្រូវ ។ លោកចូបៃដិនបានសន្យាបន្តផ្តល់ប្រព័ន្ធអាវុធការពារដែនអាកាសនិង បញ្ជាក់ប្រាប់ទៅប្រទេសដទៃដែលត្រូវការប្រព័ន្ធអាវុធដូចគ្នានេះថាគេ ត្រូវរង់ចាំនាវេលាពេលក្រោយ។
សហរដ្ឋអាមេរិកបានថ្លែងថា ប្រព័ន្ធអាវុធការពារដែនអាកាស Patriots និងប្រ ព័ន្ធអាវុធការពារដែនអាកាសដទៃទៀតផលិតដោយសហរដ្ឋអាមេរិកនោះ មុននេះក៏ត្រៀម ផ្តល់ដល់ប្រទេសចំនួន៥ដទៃទៀតដែរ ប៉ុន្តែដោយសារតែការចាំបាច់ចំពោះមុខក្នុងការជួយ ដល់អ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី, ដូច្នេះប្រទេសទាំង៥នោះ នឹងត្រូវរង់ចាំនូវគ្រឿង សព្វាវុធរបស់អាមេរិកនេះ នាវេលាពេលក្រោយ។

មន្ត្រីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានពណ៌នាកិច្ចព្រមព្រៀងនោះថា ជាសញ្ញាសម្គាល់ពិតប្រាកដនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកជួយប្រទេសអ៊ុយក្រែន។ លោក Jake Sullivan និយាយថាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនេះ មិនមែនតែសម្រាប់ ខែនេះ ឬឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ច្រើនឆ្នាំទៀតទៅមុខ។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានសរសេរក្នុងបណ្តាញសង្គមថា ឯកសារនៃកិច្ច ព្រមព្រៀងនោះមិនដែលធ្លាប់មានពីមុនមកឡើយដែលវាគួរតែសម្រាប់មេដឹកនាំដទៃទៀត ដែលគាំទ្រដល់ប្រទេសអ៊ុយក្រែន។

លោកហ្សេឡិនស្គីបានចាត់ទុកថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល១០ឆ្នាំ ជា«ថ្ងៃប្រវត្តិសាស្ត្រដ៏ពិតប្រាកដ» និងថាព្រឹត្តិការណ៍ចុះហត្ថលេខានេះនឹងផ្តល់ប្រយោជន៍ដល់ បណ្តាប្រទេសទាំងឡាយពីព្រោះលោកថារុស្ស៊ីគឺជា«គ្រោះគំរាមកំហែងដ៏ពិតប្រាកដរបស់ សកលលោក»។
លោកហ្សេឡិនស្គី នៅបានចាត់ទុកកិច្ចព្រមព្រៀងនេះនឹងក្លាយជាស្ពានសម្រាប់អ៊ុយក្រែន ដែលមានបំណងក្លាយជាសមាជិករបស់អង្គការណាតូ។ សេចក្តីរាយការណ៍បង្ហាញថា កិច្ចព្រមព្រៀងនេះ នឹងអាចបាត់បង់ទៅវិញបើសិនជាប្រធានាធិបតីក្រោយរបស់អាមេរិកមិនគាំទ្រ លើគោលនយោបាយនេះទេ។
លោកហ្សេឡិនស្គីបានថ្លែងថា បើទោះបីជាកិច្ចព្រមព្រៀងនេះមិនមែនជាកាតព្វកិច្ចចងចំពោះ ប្រធានាធិបតីអាមេរិកក្នុងពេលអនាគតក៏ដោយ ប៉ុន្តែលោកនៅតែជឿថាប្រធានាធិបតីអនាគត របស់សហរដ្ឋអាមេរិក នឹងបន្តជួយដល់ប្រទេសអ៊ុយក្រែន។

កិច្ចព្រមព្រៀងនេះ នឹងមិនដាក់កងកម្លាំងអាមេរិកដោយផ្ទាល់ដើម្បីការពារអ៊ុយក្រែនប្រឆាំង នឹងអំពើឈ្លានពានរុស្ស៊ីដោយផ្ទាល់នោះឡើយ ពីព្រោះនោះគឺជាគំនូសក្រហមរបស់ប្រធានា ធិបតីអាមេរិកដែលមិនចង់ទាញសហរដ្ឋអាមេរិកឱ្យធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ជារុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែ័រនោះឡើយ។
ខណៈកិច្ចព្រមព្រៀងដែលត្រៀមនឹងចុះហត្ថលេខារវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិកនោះ រដ្ឋមន្ត្រីអង្គការណាតូនានា ក៏បានបញ្ចេញនូវគំរោងជំនួយសន្តិសុខរបស់ពួកគេទាំងឡាយ ដែលជាគំរោងថ្មីរួមមានទាំងផែនការជួយបណ្តុះបណ្តាលសមត្ថភាពប្រយុទ្ធដល់អ៊ុយក្រែនផងទៀត។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានថ្លែងថាអង់គ្លេសនឹងផ្តល់ជំនួយ ដល់អ៊ុយក្រែននូវកញ្ចប់ថវិកា៣១០លានដុល្លារដើម្បីជួយលើសេចក្តីត្រូវការចាំបាច់មនុស្សធម៌ ថាមពលនិងការរក្សាស្ថិរភាព។

អ៊ុយក្រែននឹងទទួលបានលុយបង្កកពីធនធានក្រុមសេដ្ឋីរុស្ស៊ីដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូវិញ
កិច្ចប្រជុំកំពូល G7 កាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមលើសំណើរបស់សហរដ្ឋអាមេរិកគាំទ្រ លើប្រាក់កម្ចី៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលជាលុយបានមកពីការបង្កកទ្រព្យ សម្បត្តិរបស់រុស្ស៊ី។

ទ្រព្យសម្បត្តិបង្កកដែលនឹងផ្តល់ដល់ឱ្យអ៊ុយក្រែននេះ នៅមិនទាន់ផ្តល់ភ្លាមនាពេលនេះទេ ប៉ុន្តែអាចរហូតដល់ចុងឆ្នាំ២០២៤ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការយល់ព្រមឱ្យទ្រព្យរបស់ រុស្ស៊ីដើម្បីវាយរុស្ស៊ីវិញនោះ គឺជាដំណោះស្រាយសម្រាប់រយៈពេលវែងដើម្បីគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងអ៊ុយក្រែនសម្រាប់ធ្វើសង្រ្គាមផងនិងសម្រាប់ការទប់ទល់ដំណើរសេដ្ឋកិច្ចជាតិ របស់រដ្ឋាភិបាលក្រុងគៀវថែមទៀត។

គួរបញ្ជាក់ថាក្រោយមានអំពើឈ្លានពានរបស់រុស្ស៊ីដាក់មកលើទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២នោះមក, ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកដោយក្រុមប្រទេស G7 ដោយមាន កិច្ចសហការពីសហគមន៍អឺរ៉ុប មានចំនួនប្រមាណ៣២៥ពាន់លានដុល្លារ។
លោកប្រធានាធិបតីអាមេរិកចូបៃដិនបានថ្លែងបញ្ជាក់ថាអ្វីទាំងនេះគឺជាការដាស់តឿនមួយ ផ្សេងទៀតចំពោះប្រទេសរុស្ស៊ីឱ្យដឹងថា«យើងមិនអាចនៅស្ងៀមដោយមិនធ្វើអ្វីនោះទេ»…«យើងមិនឱ្យរុស្ស៊ីឈ្នះបានទេ"ហើយ «រុស្ស៊ីមិនអាចបំបែកយើងបានឡើយ» …«យើងនឹង ស្ថិតនៅជាមួយអ៊ុយក្រែនរហូតលុះត្រា ឈ្នះសង្គ្រាម»។

រដ្ឋាភិបាលក្រុងម៉ូស្គូ បានព្រមានថាគេនឹងចាត់វិធានការសងសឹកនូវភាព"ដ៏មហាឈឺចាប់" តបតទៅវិញ។ ប៉ុន្តែតើវិធានការនោះជាអ្វី នៅមិនទាន់បានបញ្ជាក់នៅឡើយទេ។
លោក វ្លាឌីមៀរ ពូទីន នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំSt Petersburg បាន​និយាយព្រមាន​ថា​ លោកខាងលិចគិត​ខុសហើយ​ដែល​ចេះតែស្មានថា​រដ្ឋាភិបាលក្រុង​ម៉ូស្គូ​នឹងមិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នោះ។ លោកពូទីនបានបញ្ជាក់ថាបើសិនជាដែនអធិបតេយ្យនិងបូរណភាព ដែនដីរុស្ស៊ីរងការគំរាមកំហែង, រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊េ័រ។

ពិតណាស់គ្មាននរណាម្នាក់ជឿថា រុស្ស៊ីនឹងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែ័រនោះឡើយ ប៉ុន្តែ ខណៈសង្គ្រាមកាន់តែវិវត្តន៍ទៅមុខ, អាវុធទំនើបថ្មីនានាដែលមិនធ្លាប់បានប្រើប្រាស់ត្រូវបាន បញ្ចេញមកជាបន្តបន្ទាប់។ នាពេលនេះ រុស្ស៊ីបានបញ្ចេញអាវុធនុយក្លេអ៊ែ័រតាក់ទិករបស់ខ្លួន ជាមួយនឹងការសមយុទ្ធចុងក្រោយនេះចំនួន២ដងរួចមកហើយថែមទៀត។ តើគេអាចគិតថា រុស្ស៊ីនឹងមិនប្រើអាវុធនុយ ក្លេអ៊ែ័រតាក់ទិកនេះទេឬយ៉ាងណា?៕