(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមានសិទ្ធិដាក់លក្ខខណ្ឌចំពោះអ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមនោះទេ ខណៈដែលលោកបានលើកឡើងពីភាពជោគជ័យផ្នែកយោធារបស់ទីក្រុងគៀវ ក្នុងការប្រឈមមុខនឹងការឈ្លានពានពេញទំហឹងរបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

លោក ពូទីន បាននិយាយនៅថ្ងៃសុក្រមុននេះថា រុស្ស៊ីនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវ យល់ព្រមបោះបង់ចោលមហិច្ឆតាចូលរួម NATO របស់ខ្លួន ប្រគល់ទឹកដីទាំងបួនខេត្តដែលទីក្រុងម៉ូស្គូទាមទារ និងអនុវត្តយោធានីយកម្ម។

ទោះជាយ៉ាងណា លោក Austin បានច្រានចោលការទាមទារទាំងនេះ ដោយនិយាយថា លោក ពូទីន មិនមានសិទ្ធិបញ្ជាអ៊ុយក្រែនឡើយ ហើយគាត់អាចបញ្ចប់សង្រ្គាមនេះបានភ្លាមៗ ប្រសិនបើគាត់ចង់។

គួរជម្រាបថា សុន្ទរកថារបស់លោក Putin ខាងលើ ហាក់ដូចជាមានបំណងបង្អាក់សន្និសីទសន្តិភាព ដែលអ៊ុយក្រែនរៀបចំឡើង ក៏ដូចជាកិច្ចប្រជុំកំពូល NATO នៅទីក្រុងវ៉ាស៊ីនតោន។ សម្ព័ន្ធមិត្តអ៊ុយក្រែននៅតែមានការខ្វែងគំនិតគ្នា លើបញ្ហាសមាជិកភាពអ៊ុយក្រែននៅក្នុង NATO ប៉ុន្តែលោក Austin បានបញ្ជាក់ថា ការពង្រីក NATO ទំនងជាមិនកើតឡើងក្នុងពេលឆាប់ៗនេះទេ។ លោកបានបញ្ជាក់ថា អាទិភាពបច្ចុប្បន្នរបស់ NATO គឺការធានាស្ថិរភាព និងការរៀបចំសមាជិកថ្មីៗ គឺស៊ុយអែត និងហ្វាំងឡង់៕