(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានដាក់ចេញនូវលក្ខខណ្ឌរបស់រុស្ស៊ីជាលើកដំបូង សម្រាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងចាប់ផ្តើមការចរចាសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំជាមួយបុគ្គលិកក្រសួងការបរទេសរុស្ស៊ីនៅទីក្រុងម៉ូស្គូ លោក ពូទីន បាននិយាយថា រុស្ស៊ីនឹង «ឈប់ប្រតិបត្តិការយុទ្ធនាការពិសេស» ភ្លាមៗប្រសិនបើអ៊ុយក្រែន បោះបង់គម្រោងចូលជាសមាជិក NATO និងដកទាហានចេញពីតំបន់ Donetsk, Luhansk, Kherson, និង Zaporizhzhia ដែលរុស្ស៊ីបានអះអាងថា បានបញ្ចូលជាដែនអធិបតេយ្យភាពរបស់ខ្លួនក្នុងឆ្នាំ ២០២២ ដែលមិនត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរជាតិទូទៅ។

លោក ពូទីន បានសង្កត់ថា គាត់កំពុងផ្តល់ជូននូវការបញ្ចប់សង្គ្រាម ប៉ុន្តែមិនមែនគ្រាន់តែផ្អាកសង្គ្រាមទេ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ទាល់តែអ៊ុយក្រែនចាប់ផ្តើមដកទាហានចេញពីតំបន់ Donbas និង Novorossiya (តំបន់ភាគអាគ្នេយ៍អ៊ុយក្រែន) និងខ្លួនឯងបោះបង់គម្រោងចូលជាសមាជិក NATO ពេលនោះសហព័ន្ធរុស្ស៊ីនឹងឈប់បាញ់ និងត្រៀមខ្លួនសម្រាប់ការចរចា។ ខ្ញុំមិនគិតថាវានឹងចំណាយពេលយូរទេ»។

លោក ពូទីន ក៏បានបញ្ចាក់ថា គាត់មិនចាត់ទុកលោក Volodymyr Zelenskyy ជាប្រធានាធិបតីអ៊ុយក្រែនដែលមានសុពលភាពទេ បន្ទាប់ពីអាណត្តិរបស់លោកបានផុតកំណត់នៅថ្ងៃទី២០ ខែឧសភា ហើយគាត់បានបញ្ជាក់ថា សភារបស់ប្រទេស គឺ Verkhovna Rada ជាអំណាចតែមួយគត់ដែលមានសុពលភាព៕