(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ថា ផែនការរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដោយប្រើការប្រាក់លើទ្រព្យសកម្មរបស់រុស្ស៊ី ដែលបង្កកនៅបរទេស គឺជាចោរលួច ហើយនឹងមិនត្រូវបានលើកលែងទោសឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន បាននិយាយក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីក្រសួងការបរទេសថា វិធីសាស្រ្តដែលបណ្តាប្រទេសខាងលិចបានធ្វើចំពោះម៉ូស្គូនេះ វាបានបង្ហាញថាប្រទេសណាមួយក៏ដោយ ក៏អាចធ្លាក់ក្នុងស្ថានភាពដូចគ្នានេះ ពីការបង្កកទ្រព្យសម្បត្តិដោយខាងលិចដែរ។

លោកថ្លែងយ៉ាងដូច្នេះថា «ទោះបីជាមានល្បិចកលយ៉ាងណាក៏ដោយ ការលួចនៅតែជាការលួចដដែល។ ហើយវានឹងមិនអាចរួចផុតពីការផ្តន្ទាទោសឡើយ»។

ទន្ទឹមគ្នានេះ លោក ពូទីន សង្កត់ធ្ងន់ទៀតថា «ឥឡូវនេះ វាបានក្លាយជាការត្រួសត្រាយទៅគ្រប់ប្រទេស ក្រុមហ៊ុន និងមូលនិធិសាធារណៈថា ទ្រព្យសម្បត្តិ និងទុនរបស់ពួកគេមិនមានសុវត្ថិភាពទេ ទាំងក្នុងន័យច្បាប់និងសេដ្ឋកិច្ច...អ្នកណាក៏អាចក្លាយជាអ្នកបន្ទាប់សម្រាប់ការរឹបអូសទ្រព្យសម្បត្តិដោយសហរដ្ឋអាមេរិក និងបស្ចិមប្រទេសដែរ»។

ការលើកឡើងរបស់លោក ពូទីន បែបនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំនៃក្រុមប្រទេស G7 បានព្រមព្រៀងលើផែនការផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយប្រើការប្រាក់ពីទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក បន្ទាប់ពីម៉ូស្គូបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ ចូលអ៊ុយក្រែននៅឆ្នាំ ២០២២ ក្នុងអ្វីដែលវាហៅថាជាប្រតិបត្តិការយោធាពិសេស៕