(ប៉េកាំង)៖ ក្រសួងកសិកម្មរបស់ប្រទេសចិន បានឱ្យដឹងថា ការកើនឡើងនូវសីតុណ្ហភាព និងភាពរាំងស្ងួតនៅតំបន់ខ្លះនៃប្រទេសចិន កំពុងជះផលប៉ះពាល់ទៅដល់ការដាំដុះក្នុងរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤។
សីតុណ្ហភាពនៅតំបន់ខ្លះនៃប្រទេសចិន ត្រូវបានព្យាករថានឹងឈានដល់កំណត់ត្រាខ្ពស់បំផុត នៅក្នុងសប្តាហ៍នេះ ជាហេតុធ្វើឱ្យអាជ្ញាធរ ចេញសេចក្តីក្រើនរំលឹក និងចុះធ្វើសកម្មភាព ដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យកសិកម្ម ក៏ដូចជាផ្គត់ផ្គង់ទឹក និងថាមពលជាដើម។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅតំបន់ខ្លះនៃខេត្តដាំស្រូវសាលី គឺហឺប៉ី ហឺណាន និងសានទុង សីតុណ្ហភាពអាចឡើងដល់ ៤៤អង្សាសេ ដែលបានបំបែកកំណត់ត្រាចាស់ សម្រាប់ខែមិថុនា។ បើតាមក្រសួងកសិកម្ម ភាពរាំងស្ងួតបន្តទៅមុខទៀត ហើយជះឥទ្ធិពលដល់ ភារកិច្ចទប់ទល់នឹងគ្រោះរាំងស្ងួត និងពិបាកការសាបព្រោះស្រូវក្នុងរដូវក្តៅ។
គួរបញ្ជាក់ថា ក្រៅពីចិន ប្រទេសផ្សេងទៀតនៅទូទាំងតំបន់អាស៉ី ក៏កំពុងត្រៀមខ្លួនសម្រាប់រដូវក្តៅខ្លាំងផងដែរ៕