(កៀវ)៖ អាជ្ញាធរអ៊ុយក្រែននិងរុស្ស៉ី បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ទីក្រុងកៀវនិងទីក្រុងមូស្គូ កាលពីវេលាយប់កន្លងទៅ បានវាយប្រហារគ្នាដោយប្រើប្រាស់ យន្តហោះដ្រូនក៏ដូចជាមីស៉ីល រាប់សិបគ្រឿងនិងគ្រាប់ ដែលជាលទ្ធផលបានបណ្តាលឱ្យ មនុស្សមួយចំនួនរងរបួសនៅអ៊ុយក្រែន និងខូចខាតទីតាំងស្តុកឥន្ធនៈមួយកន្លែង នៅតំបន់ព្រំដែនរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤។
ជាច្រើនសប្តាហ៍មកនេះ ភាគីទាំងពីរបានបន្តបង្កើនសកម្មភាពវាយប្រហាតាមផ្លូវអាកាស ដាក់គ្នាទៅវិញទៅមក ដោយទីក្រុងកៀវបានកំណត់គោលដៅលើ មូលដ្ឋានថាមពលរបស់រុស្ស៉ី ហើយទីក្រុងមូស្គូវាយប្រហារសងសឹកមកវិញ។ ក្នុងការវាយប្រហារថ្មីចុងក្រោយ រុស្ស៉ីបានអះអាងថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន ៨៧គ្រឿង ក្នុងនោះ៧០គ្រឿង បានកំណត់គោលដៅលើតំបន់ Rostov ភាគខាងត្បូង ដែលជាកន្លែងផ្ទុក ទីស្នាក់ការកណ្តាល នៃប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងទីក្រុងកៀវ។ ការវាយប្រហាររបស់អ៊ុយក្រែន បានបង្កឱ្យមានការដាច់ចរន្តអគ្គិសនី នៅកន្លែងមួយចំនួននៃតំបន់ Rostov ខណៈនៅតំបន់ Voronezh ជាប់ព្រំប្រទល់អ៊ុយក្រែន ទីតាំងស្តុកឥន្ធនៈមួយកន្លែង បានរងការខូចខាត។
គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ ខាងទីក្រុងកៀវបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់ដ្រូននិងមីស៉ីលរុស្ស៉ីចំនួន២៤គ្រឿង-គ្រាប់ ក្នុងចំណោម៣១គ្រឿង-គ្រាប់ ដែលត្រូវបានបញ្ជូនមក កាលពីវេលាយប់កន្លងទៅ។ មនុស្សចំនួន៦នាក់ បានរងរបួស នៅក្រុង Selydove នៃតំបន់ Donetsk អំឡុងការវាយប្រហារតាមផ្លូវអាកាសនោះ៕