(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីវៀតណាមថ្មី ដែលទើបឡើងកាន់តំណែង បានអំពាវនាវឱ្យមាន ការពង្រឹងទំនាក់ទំនងកាន់តែរឹងមាំថែមទៀត ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤។

វៀតណាមកំពុងស្វែងរកការបង្កើនទំនាក់ទំនងជាមួយទីក្រុងវ៉ាស៉ីនតោន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តការទូត bamboo diplomacy របស់ខ្លួន ស្របពេលដែលប្រទេសអាស៊ានមួយនេះ ព្យាយាមសម្របខ្លួនទៅនឹងបញ្ហាជម្លោះសកល ហើយរក្សាកំណើនសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ ជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងហាណូយ លោក Marc Knapper ប្រធានាធិបតីវៀតណាម លោក To Lam បាននិយាយថា ប្រទេសទាំងពីរ គួរតែពង្រីងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យការពារជាតិនិងសន្តិសុខ។ លោក Lam ដែលទើបក្លាយជាប្រធានាធិបតីវៀតណាម កាលពី៣សប្តាហ៍មុន បានបន្ថែមទៀតថា វៀតណាមនិងសហរដ្ឋអាមេរិក ក៏គួរតែពង្រឹងចំណងទាក់ទងផ្នែកសេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់ដំណើរទស្សនកិច្ចជាន់ខ្ពស់ ផងដែរ។

គួរបញ្ជាក់ថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ បានកើន២២ភាគរយ បើធៀបជាមួយ​រយៈពេលដូចគ្នា កាលពី១ឆ្នាំមុន គឺដល់ទំហំ៤៤.៤ពាន់លានដុល្លារ។ រីឯកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំហាណូយ លោក Xiong Bo លោក Lam បានលើកឡើងថា វាគឺជារឿងសំខាន់ ដែលបញ្ហាវិវាទដែនទឹកនៅឯសមុទ្រចិនខាងត្បូង រវាងប្រទេសទាំងពីរ ត្រូវគ្រប់គ្រងឱ្យបានល្អ ហើយផលប្រយោជន៍ភាគីម្ខាងៗ ត្រូវបានគោរពត្រឹមត្រូវ។

ដោយឡែក លោក Lam និងថ្នាក់ដឹកនាំដទៃទៀតនៃប្រទេសវៀតណាម ក៏ត្រូវគេរំពឹងថា នឹងទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ច​របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មកកាន់រដ្ឋធានីហាណូយ នាសប្តាហ៍ក្រោយផងដែរ ប៉ុន្តែគម្រោងទស្សនកិច្ចនេះ មិនទាន់ត្រូវ​បានប្រកាសជាផ្លូវការនៅឡើយទេ៕