(BORGO EGNAZIA, អ៉ីតាលី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនាថាអ៊ុយក្រែន និងជប៉ុនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខមួយមានសុពលភាព១០ឆ្នាំ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ុយក្រែនដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងកងទ័ពរុស្ស៉ីអស់រយៈពេលជាង២ឆ្នាំមកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះចំនួន១៥ រួចមកហើយជាមួយការទទួលបាន ការសន្យាផ្ដល់ការគាំទ្ររយៈពេលវែងពីសម្ព័ន្ធមិត្តរបស់ខ្លួនរួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើម។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ក្នុងឆ្នាំ២០២៤ ជប៉ុននឹងផ្ដល់ជំនួយដល់អ៊ុយក្រែន ៤.៥ពាន់លានដុល្លារ ហើយនឹងបន្តផ្ដល់ការគាំទ្រសម្រាប់ពួកយើងនៅក្រោមកិច្ចព្រមព្រៀងមួយមាន រយៈពេល១០ឆ្នាំ»។ លោកបន្តថាកិច្ចព្រមព្រៀងនេះនឹងផ្ដោតជាសំខាន់លើជំនួយសន្តិសុខ និងការពារជាតិ ក៏ដូចជាជំនួយមនុស្សធម៌ បច្ចេកទេស និងកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីមួយ មានសុពលភាព១០ឆ្នាំផងដែរ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G7 នៅអ៉ីតាលី កាលពីថ្ងៃព្រហស្បតិ៍៕