(BORGO EGNAZIA, អ៉ីតាលី)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា បាននិយាយថាសហរដ្ឋអាមេរិក បារាំង និងអ៉ីស្រាអែល បានឯកភាពដើម្បីធ្វើការរួមគ្នា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញឆ្ពោះទៅមុខនូវផែនការមួយដែលត្រូវបានធ្វើបទបង្ហាញដោយទីក្រុងប៉ារីសកាលពីដើមឆ្នាំ២០២៤ ក្នុងគោលដៅ បន្ធូរបន្ថយភាពតានតឹងរវាងក្រុម Hezbollah មានមូលដ្ឋានក្នុងប្រទេសលីបង់ និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បារាំង និងសហរដ្ឋអាមេរិក កាលពីប៉ុន្មានខែថ្មីៗនេះ បានព្យាយាមរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹង ដោយក្នុងនោះទីក្រុងប៉ារីសបានបញ្ជូនសំណើមួយទៅកាន់ភាគីទាំង២ ដើម្បី សាកល្បងបញ្ឈប់ការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកនៅតំបន់ព្រំដែនរវាងអ៉ីស្រាអែល និងលីបង់។ លោក ម៉ាក្រុង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូល G7 ថា «ដោយមានការឯកភាពពីសហរដ្ឋអាមេរិក យើងបានឈានដល់ការព្រមព្រៀងលើគោលការណ៍នៃកិច្ចពិភាក្សាត្រីភាគីអ៉ីស្រាអែល សហរដ្ឋអាមេរិក និងបារាំង ដើម្បីជំរុញឆ្ពោះទៅមុខ នូវផែនការដែលយើងបានស្នើឡើង ហើយយើងនឹងធ្វើដូចគ្នានេះដែរជាមួយអាជ្ញាធរលីបង់»។
គួរបញ្ជាក់ថា ក្រុម Hezbollah ដែលបានបដិសេធបញ្ឈប់អរិភាពជាមួយអ៉ីស្រាអែល រហូតទាល់តែមានបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា បានអះអាងថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត និងដ្រូនប្រដាប់អាវុធវាយប្រហារលើទីតាំងយោធាចំនួន៩ របស់អ៉ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលនេះបាន និងកំពុងធ្វើឱ្យជម្លោះនៅតាម បណ្ដោយព្រំដែនភាគខាងត្បូងរបស់លីបង់ជាប់អ៉ីស្រាអែល កាន់តែឡើងកម្ដៅខ្លាំងពីថ្ងៃជាប់ៗគ្នាមកហើយ៕