(សេអ៊ូល)៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំបន្ទាន់មួយតាមទូរស័ព្ទ ជុំវិញសេចក្ដីរាយការណ៍ពីលទ្ធភាពដែលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា បានបញ្ជាក់ថាអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kim Hong-kyun នៅក្នុងកិច្ចសន្ទនាជាមួយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយថាដំណើរទស្សនកិច្ចរបស់លោក ពូទីន មិនគួរនាំទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែ ស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលរំលោភបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN នោះទេ។
ជាការបន្ទរតាមក្រោយការលើកឡើងរបស់លោក Kim Hong-kyun ផងដែរ លោក Kurt Campbell បានសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយអស្ថិរភាព ក្នុងតំបន់ និងបញ្ហាប្រឈមនានាដែលកើតចេញពីដំណើរទស្សនកិច្ចណាមួយរបស់លោក ពូទីន។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធកន្លងទៅនេះ បាននិយាយថាលោក ពូទីន ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ កូរ៉េខាងជើង នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ៕