(កៀវ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីថាចិននឹងមិនលក់អាវុធទៅឱ្យរុស្ស៉ីនោះទេ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងមេដឹកនាំនៃប្រទេសទាំង២។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអ៉ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា។

និយាយជាភាសាអង់គ្លេស នៅឯសន្និសីទសារព័ត៌មាននោះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានកិច្ចសន្ទនាមួយជាមួយមេដឹកនាំចិន។ លោក (លោក ស៊ី ជីនពីង) បាននិយាយថាលោកនឹងមិនលក់អាវុធណាមួយឱ្យរុស្ស៉ីទេ​។ យើងនឹងបានឃើញប្រសិនបើលោកគឺជាមនុស្សគួរឱ្យគោរពមែន នោះលោកនឹងធ្វើបែបនេះឡើយ (លក់អាវុធឱ្យរុស្ស៉ី) ពីព្រោះលោកជាអ្នកប្រាប់រឿងនេះដល់ខ្ញុំដោយផ្ទាល់»។ នៅពេលលោក ហ្សេលេនស្គី និយាយចប់ ភ្លាម លោក ចូ បៃដិន ក៏បានកត់សម្គាល់ដែរថាចិនមិនបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីទេ តែប៉េកាំងកំពុងជួយរុស្ស៉ីតាមរយៈការគាំទ្រដែលអនុញ្ញាតឱ្យរុស្ស៉ីនៅតែ មានសមត្ថភាពផលិតអាវុធ ដើម្បីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពនៅអ៊ុយក្រែន នឹងត្រូវប្រព្រឹត្តទៅ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ ដោយមិនមានវត្តមានលោក ស៊ី ជីនពីង និងលោក ចូ បៃដិនឡើយ។ លោក ហ្សេលេនស្គី មិនបានបង្ហើបថាតើ កិច្ចសន្ទនាជាមួយលោក ស៊ី ជីនពីង បានធ្វើឡើងតាំងតែពីពេលណានោះទេ។ តែកិច្ចសន្ទនាតាមទូរស័ព្ទលើកចុងក្រោយបំផុតដែលត្រូវបានប្រកាស ជាសាធារណៈរវាងមេដឹកនាំទាំង២ គឺធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៣៕