(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា អន្តរកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ីមិនគួរត្រូវបានប្រើជាឧបករណ៍ដើម្បីបំផ្លាញ និងទប់ស្កាត់ចិនឡើយ ហើយចិនសូមជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី ដោយខុសច្បាប់ជាបន្ទាន់ និងដើរតួនាទីស្ថាបនាក្នុងការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងស្តារសន្តិភាពឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
លោក លីន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អំពីកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីថ្មីរបស់សហរដ្ឋអាមេរិក ដែលរាប់បញ្ចូលទាំងក្រុមហ៊ុន ធនាគារ និងបុគ្គលរាប់សិបនាក់មកពីរុស្ស៊ី និងប្រទេសដទៃទៀត រួមទាំងចិនផងដែរ។
លោក លីន បាននិយាយថា កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងរុស្ស៊ី គឺសមហេតុផល និងមានភាពធន់ខ្ពស់ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
«ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ទណ្ឌកម្មឯកតោភាគី និងយុត្តាធិការដែនអនុវត្តច្បាប់ក្រៅដែនដី។ អន្តរកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ីមិនគួរត្រូវបានជ្រៀតជ្រែក ឬរំខានឡើយ ហើយក៏មិនគួរត្រូវបានប្រើជាឧបករណ៍ដើម្បីបំផ្លាញ និងទប់ស្កាត់ចិនដែរ» នេះជាការលើកឡើងរបស់លោក លីន។
លោក លីន បានថ្លែងថា សហគមន៍អន្តរជាតិដឹងច្បាស់ថា តើអ្នកណាកំពុងអំពាវនាវឱ្យមានការសន្ទនា និងខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងអ្នកណាជំរុញឱ្យមានការប្រយុទ្ធ និងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា។ នៅម្ខាងសហរដ្ឋអាមេរិក បន្តផ្តល់អាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែន ប៉ុន្តែម្យ៉ាងវិញទៀតបានបន្ទោសការធ្វើឱ្យខូចដល់សន្តិភាព និងការអូសបន្លាយវិបត្តិ លើប្រទេសដទៃទៀត។
លោក លីន បានបន្ថែមថា ចាប់តាំងពីវិបត្តិអ៊ុយក្រែនកាន់តែក្តៅគគុក សហរដ្ឋអាមេរិកថែមទាំងបានបង្កើនការដាក់ទណ្ឌកម្មទ្វេដងទៀតផង។ ការប្រើប្រាស់ដំបងធំនៃទណ្ឌកម្មមិនដោះស្រាយបញ្ហានោះទេ ដោយលោកបានបន្ថែមថា វានឹងក្លាយជាប្រភពហានិភ័យដ៏សំខាន់សម្រាប់ពិភពលោក។
អ្នកនាំពាក្យការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ទៀតថា «ចិនមិនបានបង្កើត និងមិនមែនជាភាគីនៃវិបត្តិអ៊ុយក្រែនទេ ហើយយើងនឹងមិនទទួលយកការគាបសង្កត់ ឬការបន្ទោសបង្វែរនោះទេ»៕