(ហ្សឺណែវ)៖ គេហទំព័ររបស់រដ្ឋាភិបាលស្វីស នៅថ្ងៃព្រហស្បតិ៍នេះបានក្លាយជាគោលដៅ នៃការវាយប្រហារតាមអ៊ីនធឺណិតជាបន្តបន្ទាប់ មុនកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលរដ្ឋធានី Bern ធ្វើជាម្ចាស់ផ្ទះនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCSC) បានបញ្ជាក់ថា ការវាយប្រហារនេះជាប្រភេទនៃ ការវាយប្រហារ DDoS ឬ Distributed Denial of Service ដែលជាការវាយប្រហារតាមអ៊ីនធឺណិត ដែលមានគោលបំណងធ្វើឱ្យគេហទំព័រ ឬធនធានបណ្តាញមិនអាចប្រើប្រាស់បាន តាមរយៈការធ្វើឱ្យមានចរាចរណ៍ដ៏ច្រើនលើសលុបពីប្រភពជាច្រើន។

ទោះជាយ៉ាងណា NCSC បញ្ជាក់បន្ថែមថា ការវាយប្រហារទាំងនេះបណ្តាលឱ្យមានការរំខានតិចតួច ប៉ុន្តែមិនបានប៉ះពាល់ដល់សុវត្ថិភាពទិន្នន័យ ឬប្រព័ន្ធទេ ហើយខ្លួននឹងបន្តតាមដានស្ថានការណ៍ និងផ្តល់ព័ត៌មានថ្មីៗជាប្រចាំ។

គួរជម្រាបថា ប្រទេសស្វីសត្រូវបានកំណត់ឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកដំបូងស្តីពីសន្តិភាពនៅអ៊ុយក្រែននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ នៅឯរមណីយដ្ឋានប្រណីត Burgenstock ក្បែរទីក្រុង Lucerne។ ប្រទេសរាប់សិបបានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលមានគោលបំណងបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ដំណើរការសន្តិភាពនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូដោយមិនបានបង្ហាញការចាប់អារម្មណ៍ចំពោះសន្និសីទនេះ មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ៕