(កៀវ)៖ ពិភពលោកកំពុងចោលក្រសែភ្នែកទៅកាន់ ការរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយ ក្រែនដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៥ និង១៦មិថុនាចុងសប្តាហ៍នេះក្នុងប្រទេសស្វីស។ កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែនខាងមុខនេះ បានបដិសេធការអញ្ជើញរុស្ស៊ីដែលជា ភាគីសំខាន់បំផុតនៃទំនាស់ដែលបាននិងកំពុងកើតឡើងនេះ។ ដូច្នេះ តើកិច្ចប្រជុំកំពូលស្តីពី សន្តិភាពខាងមុខនេះ នឹងមានប្រយោជន៍អ្វីខ្លះ?

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរចេញក្រៅប្រទេសជា ញឹកញាប់ដើម្បីស្វែងរកការគាំទ្រ ពីពិភពលោក ក្នុងការគាំទ្រប្រទេសអ៊ុយក្រែនដែលកំពុងមាន សង្គ្រាមអូសបន្លាយរយៈពេលជាង ៨៤០ថ្ងៃមកនេះ។ នៅថ្ងៃទី១៥ និង១៦មិថុនាចុងសប្តាហ៍នេះ, លោកនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពី សន្តិភាពនៅអ៊ុយក្រែន រៀបចំធ្វើនៅក្នុង ប្រទេសស្វីស ខណៈបានព្យាយាមដើរ Lobby តាម បណ្តាប្រទេសនានាលើសកលលោកដើម្បី ឱ្យមានការអញ្ជើញចូលរួមនិងគាំទ្រ។

ប៉ុន្តែកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែននាពេលខាងមុខនេះ បានបដិសេធការអញ្ជើញ រុស្ស៊ីដែលជាភាគីសំខាន់បំផុត នៃទំនាស់ដ៏ស្រួចស្រាល ដែលបាននិងកំពុង កើតឡើងនេះ។ ដូច្នេះតើកិច្ចប្រជុំកំពូលស្តីពីសន្តិភាពខាងមុខនេះ នឹងមានប្រយោជន៍ សម្រាប់អ្វីទៅវិញ? លោកហ្សេឡិនស្គី បានធ្វើដំណើរទៅបណ្តាប្រទេស ក្នុងទ្វីបអឺរ៉ុប, ទៅប្រទេសនៅអាស៊ី អាគ្នេយ៍ក៏ដូចជាប្រទេស នៅក្នុងតំបន់មជ្ឈិមបូព៌ាជាដើម។

នៅថ្ងៃទី១២មិថុនា លោកហ្សេឡិនស្គីបានធ្វើទស្សនកិច្ច នៅប្រទេសអារ៉ាប់សាអ៊ូឌីតនិងបាន ជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកហ្សេឡិនបានហៅជំនួបរវាងរូបលោក ជាមួយនឹងមេដឹកនាំប្រទេសអារ៉ាប់សាអ៊ូឌីត ថាជា" កិច្ចប្រជុំប្រកបដោយថាមពល"។ លោកបានសរសេរថា «យើងក៏បានពិភាក្សា អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលសន្តិភាពជា សកល, អំពីលទ្ធផលរំពឹងទុក និងការអនុវត្តដែលអាចកើតមាន ក៏ដូចជាវិធីដើម្បីនាំយកសន្តិ ភាពពិតប្រាកដសម្រាប់អ៊ុយក្រែន ដែលកាន់តែខិតមកជិត»

ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅដ៏ធំបំផុត របស់ពិភពលោក គឺជា ប្រទេសដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលក្រុងមូស្គូលើ គោលនយោបាយប្រេង។ ប្រទេសអារ៉ាប៊ីសាអូឌីត តែងអះអាងការរក្សាភាពអព្យាក្រិតនៃទំនាក់ទំនង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនចាប់តាំងពីសង្គ្រាមផ្ទុះ ខែកុម្ភៈឆ្នាំ២០២២ និងប្រទេសអារ៉ាប៊ីសាអូឌីត ក៏តែងបង្ហាញជំហររបស់ខ្លួន ក្នុងការចង់ជួយសម្រុះសម្រួលជម្លោះរវាងប្រទេសទាំង២ ដើម្បីការរកសន្តិភាពមួយ ផងដែរ។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ បញ្ជាក់ភ្លាមៗថា តើប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នាចុងសប្តាហ៍នេះ ឡើយ។

កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍ការវាយដណ្តើមយក បានដីកាន់តែច្រើនថែមទៀតរបស់រុស្ស៊ី នាភាគខាងកើតអ៊ុយក្រែន ខណៈរដ្ឋាភិបាលក្រុងគៀវ កំពុងត្រៀមជើងព្រួលរបស់ខ្លួនដើម្បីការវាយប្រហារដណ្តើមយក ទឹកដីភាគខាងកើតវិញពីរុស្ស៊ី នៅពេលណាដែលជំនួយយោធាថ្មី ពីក្រុមបស្ចឹមប្រទេស ត្រូវបានបញ្ជួនមកដល់ជាបន្តបន្ទាប់ ជាពិសេសការជួយបង្វឹកកម្លាំងទាហានអ៊ុយក្រែនពីក្រុមបស្ចឹមប្រទេស, ការរង់ចាំសម្ភារៈសឹក ទំនើបមួយចំនួនទៀតដែលនឹងមកដល់ វេលាចុងឆ្នាំ២០២៤ដូចជាយន្ត ហោះ F-16, យន្តហោះ Mirage និងការរៀបចំពង្រាយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ឱ្យកាន់តែរឹងមាំថែមទៀតនោះផងដែរ។ ខណៈដែលឱកាសត្រៀមវាយលុក នៅមិនទាន់បានមកដល់អ៊ុយក្រែន បានសម្រុកលើ ការធ្វើយុទ្ធនាការការទូត និងបានស្វែងរកការគៀងគរពីប្រទេសគន្លឹះនៅ មជ្ឈិមបូព៌ាដូចជាប្រទេសអារ៉ាប់សាអ៊ូឌីតជាដើម ដើម្បីងាករកការគាំទ្រមកប្រទេសអ៊ុយក្រែន។

កាលពីខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលក្រុង Riyadh បានដើរតួនាទីមួយដែលគេមិននឹងស្មាន ដល់ក្នុងការជួយអន្តរាគម ក្នុងការដោះលែង អ្នកប្រយុទ្ធបរទេស ដែលត្រូវបានឃុំខ្លួន ក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានពីរនាក់មកពីសហរដ្ឋអាមេរិក និងប្រាំនាក់មកពីចក្រភពអង់គ្លេស។ មន្ត្រីអារ៉ាប៊ីសាអូឌីតបាននិយាយ នៅក្នុងខែមីនា ឆ្នាំ២០២៣ថា រដ្ឋាភិបាលក្រុងរីយ៉ាដ នៅតែបើកចំហក្នុងការរួមចំណែកដល់ ការសម្រុះសម្រួលជាពិសេស "លើបញ្ហាតូចតាចសំខាន់ៗ ដែលអាចជួយប្រមូល នូវផលប្រយោជន៍ឈានឱ្យ មានដំណោះស្រាយនយោបាយនៃបញ្ហាទាំងមូល" ។

នៅខែឧសភា ឆ្នាំ២០២៣, លោក Zelenskyy បានចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់នៅ ទីក្រុង Jeddah និងនៅទីនោះលោក បានចោទប្រកាន់ មេដឹកនាំមួយចំនួនថា បានបិទភ្នែក ចំពោះទង្វើឈ្លានពានរបស់រុស្ស៊ី។ នៅខែសីហាឆ្នាំ២០២៣, ប្រទេសអារ៉ាប់សាអ៊ូឌីត បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមួយស្តីពី សង្គ្រាមអ៊ុយក្រែនដោយមានការចូលរួម ពីតំណាងនៃប្រទេសចំនួនជាង៤០ ប៉ុន្តែមិនមានតំណាង មកពីប្រទេសរុស្ស៊ីឡើយ។

មន្ត្រីអារ៉ាប៊ីសាអូឌីត បាននិយាយនៅពេលនោះថា កិច្ចប្រជុំដែលរួមមានមន្ត្រីមកពីប្រទេសចិន និងប្រេស៊ីលបានគូសបញ្ជាក់ពីវិធីសាស្រ្ត "ពហុប៉ូល" ចំពោះគោលនយោបាយការបរទេស។ ដំណើរទស្សនកិច្ចចុងក្រោយនៅអារ៉ាប៊ីសាអ៊ូឌីត របស់លោកហ្សេឡិនស្គី បានធ្វើនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ដោយនៅពេលនោះលោក បានពិភាក្សាអំពីផែនការសន្តិភាពរបស់លោកផង និងការពិភាក្សាផ្លាស់ប្តូរ អ្នកទោសដ៏មានឥទ្ធិពលមួយរូបផង ជាមួយនឹង ព្រះអង្គម្ចាស់រជ្ជទា យាទ Mohammed bin Salman។ ប្រទេសអារ៉ាប៊ីសាអូឌីត ក៏ជាប្រទេសដែលបានសន្យាផ្តល់ ជំនួយរាប់រយលានដុល្លារដល់អ៊ុយក្រែន រួមទាំងការបែងចែកសម្រាប់ ជនភៀសខ្លួនអ៊ុយក្រែន នៅក្នុងប្រទេសជិតខាងផងដែរ។

*** តើមានប្រទេសប៉ុន្មានដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពអ៊ុយក្រែនក្នុងប្រទេសស្វីស

អ្នកតំណាងមកពីប្រមាណ៩០ប្រទេស និងពីអង្គការតំបន់និងពិភពលោកនានា ត្រូវបានគេរំពឹងថា នឹងអញ្ជើញចូលរួមប្រជុំកិច្ចប្រជុំកំពូល ក្នុងប្រទេសស្វីសនោះ ដើម្បីរកកិច្ចពិភាក្សា តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានបញ្ចប់ ប៉ុន្តែកិច្ចប្រជុំកំពូលនោះ បានទាត់ចោលនូវវត្តមានរុស្ស៊ី ដែលជាភាគីសំខាន់បំផុតនៃទំនាស់ ដែលបាននិងកំពុងកើតឡើងនេះ។ អ្នកចូលរួមមកពីជិត ១០០ប្រទេសនេះ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតី ស្វីសទៅកាន់ប្រទេស១៦០របស់សកលលោក ដែលខ្លះមិនបានមកនិងខ្លះ នៅមិនទាន់ បញ្ជាក់អំពីការត្រូវចូលរួមនិងមិនចូលរួមឡើយ។

រដ្ឋាភិបាលក្រុងម៉ូស្គូដែលមិនត្រូវបានគេអញ្ជើញឱ្យចូលរួម បានថ្លែងថាគេក៏នឹងមិនចូលរួម ដែរពីព្រោះកិច្ចប្រជុំកំពូលនោះ គឺផ្អែកទៅលើចំណុចស្នើរកសន្តិភាព ពីភាគីអ៊ុយក្រែនតែម្ខាង ដែលរុស្ស៊ីបានបដិសេធចំពោះសំណើរកសន្តិភាពទាំង ១០ចំណុចរបស់អ៊ុយក្រែននោះ។ បញ្ជីបញ្ជាក់នូវតួលេខនៃប្រទេស ចូលរួមជាផ្លូវការទាំងអស់ នឹងត្រូវបង្ហាញនៅថ្ងៃទី១៤មិថុនា។ ទោះជាយ៉ាងណាក៏ដោយប្រទេសសំខាន់ៗ ដូចជាប្រទេសតួកគី, អាហ្វ្រិក ខាងត្បូងនិងប្រេ ស៊ីលជាដើម នៅមិនទាន់បានបង្ហាញ ការបញ្ជាក់ការចូលរួមនៅឡើយទេ។ ចំណែកប្រទេសឥណ្ឌា បានបង្ហាញនូវការចូលរួមដែរ ប៉ុន្តែមិនមានការបញ្ជាក់ថា តើអ្នកចួលរួមនោះ ជាតំណាងកម្រិតណាឡើយ។

ប្រធានាធិបតីស្វីសលោកស្រី Viola Amherd បានថ្លែងថាកិច្ចប្រជុំកំពូលនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ គឺនឹងជួយត្រួសត្រាយផ្លូវសំដៅ​រកសន្តិភាពមួយ ក្រោយការប្រយុទ្ធគ្នាជិត ២៨ខែកន្លងមកនេះ មានទាហានស្លាប់និងរងរបួសទាំងសងខាង និងសង្គ្រាមចេះតែបន្តទៅ មុខគ្មានថ្ងៃបញ្ចប់នោះឡើយ។ លោកស្រី Viola Amherd បានថ្លែងការពារខ្លួនថាកិច្ចប្រជុំក្នុងប្រទេសស្វីសនេះ មិនមែនជាការឃោសនាឱ្យម្ខាងៗនោះទេ ប៉ុន្តែវាមូលដ្ឋាននៃជំនួយមនុស្សធម៌ ដោយផ្អែកលើ ការទ្រទ្រង់សន្តិភាព។ ប្រទេសស្វីសនិយាយថា កិច្ចប្រជុំកំពូលនេះ នឹងនាំឱ្យការយល់ស្របរួមគ្នាមួយ ដើម្បីតម្រង់ទិសថា តើគេគប្បីត្រូវធ្វើដំណើរទៅកាន់ទីណា ដើម្បីឱ្យសន្តិភាពយូរអង្វែង និងថាតើត្រូវ ធ្វើយ៉ាងណាដើម្បីឱ្យភាគីអ៊ុយក្រែននិងរុស្ស៊ី នឹងត្រូវចូលរួមជជែកគ្នា។ កិច្ចប្រជុំកំពូលនោះ នឹងមានការជជែកអំពី សន្តិសុខនុយក្លេអ៊ែ័រ, សន្តិសុខស្បៀងនិងជំនួយមនុស្សធម៌ផងដែរ។ យោងតាមលោកស្រី Viola Amherd មនុស្សសំខាន់ៗដែលនឹងមកចូលរួមនៅក្នុង កិច្ចប្រជុំកំពូលខាងមុខនេះ គឺជាថ្នាក់ដឹកនាំកំពូល នៃប្រទេសនីមួយៗ ដែលក្នុងនោះពាក់កណ្តាលតំណាងប្រមុខរដ្ឋ និងប្រធានាធិបតីឬតំណាងរដ្ឋាភិបាល និងខ្លះទៀតពីបណ្តាអង្គការ ដែលរួមមានទាំងអង្គការសហប្រជាជាតិជាដើម។

ប្រធានាធិបតីបារាំង លោកអេម៉ានូអែលម៉ាក្រុង, អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងរំពឹងការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលក្នុងរមណីយដ្ឋាន Bürgenstock resort ។ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ក្នុងនាមប្រធានាធិបតីអាមេរិក, ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ក៏នឹងមានវត្តមានក្នុង កិច្ចប្រជុំកំពូលនោះផងដែរ។

ប្រទេសចិននិងប្រទេសប្រេស៊ីល បានបញ្ជាក់មុននេះថាគេនឹងមិនចូលរួមឡើយប្រសិនបើ កិច្ចប្រជុំនោះមិនមានភាគីពាក់ព័ន្ធទាំង២ រុស្ស៊ីនិងអ៊ុយក្រែនចូលរួម ជាមួយគ្នានោះទេ។ រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis បានថ្លែងទទួលស្គាល់ថា វាមិនអាចជាដំណើរ ការមានសន្តិភាពបានទេ បើគ្មានការចូលរួម ពីរុស្ស៊ី។ លោកថ្លែងថាអ្វីជាចំណោទថាគឺមិនមែនថា មកពីរុស្ស៊ីមិនចូលរួមនោះទេ បញ្ហាគឺថាតើពេលណាដែលរុស្ស៊ីនឹងអញ្ជើញមកចូលរួម។

រដ្ឋមន្ត្រីការបរទេសស្វីស បាននិយាយថាប្រទេសស្វីស តែងបានទាក់ទងជារឿយៗ ទៅកាន់អាជ្ញាធររុស្ស៊ីអំពីរឿងកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពអ៊ុយក្រែននោះ ប៉ុន្តែទោះជាយ៉ាងណាក៏ ដោយក៏ស្វីសមិនបានធ្វើលិខិតអញ្ជើញប្រទេសរុស្ស៊ីនោះដែរ ខណៈដែលកិច្ចប្រជុំកំពូលនោះ នឹងមានការចូលរួមពីមេដឹកនាំអ៊ុយក្រែនលោក ហ្សេឡិនស្គី និងមានការសម្របសម្រូលពីភាគី អ៊ុយក្រែនថែមទៀត។ លោក Ignazio Cassis បាននិយាយថាស្វីសក៏ត្រូវថ្លឹងថ្លែងលើការពិចារណាថាអ៊ុយក្រែន នឹងមិនអាចមកចូលរួម បានឡើងប្រសិនណាបើកិច្ចប្រជុំកំពូលនោះមាន រុស្ស៊ីជាតំណាង ។

ខណៈដែលប្រទេសមួយចំនួន បានបដិសេធមិនចូលរួមក្នុង កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែននោះ, លោក ហ្សេឡិនស្គី បានចោទដាក់ទៅលើប្រទេសចិននិងរុស្ស៊ី ថាបានព្យាយាមប្រើប្រាស់វិធីសាស្ត្រការទូត ក្នុងការរារាំងប្រទេសមួយចំនួន ដែលមិនចូលរួមដើម្បីចង់បំផ្លាញ ដំណើរការនៃកិច្ចប្រជុំកំពូលនេះថែមទៀត។ បុគ្គលិកសន្តិសុខចំនួនប្រមាណ ៤ពាន់នាក់ នឹងត្រូវដាក់ពង្រាយការពារសន្តិសុខក្នុង ព្រឹត្តិការណ៍ជំនួបកំពូលនៅក្នុងប្រទេស្វីសនោះ។

*** តើនរណានឹងទទួលបានផលប្រយោជន៍ នៃកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ខណៈអវត្តមានរុស្ស៊ី

ក្នុងពេលប្រទេសរុស្ស៊ីនឹងគ្មានវត្តមាន នៅក្នុងកិច្ចប្រជុំកំពូលនោះ កិច្ចពិភាក្សារកសន្តិភាពនោះ ត្រូវគេនិយាយថានឹងមិនអាចរក សន្តិភាពបានឡើយ ប៉ុន្តែកិច្ចប្រជុំត្រូវគេរំពឹងថា នឹងមានប្រយោជន៍ដល់ចំណុចធំៗយ៉ាងហោច ចំនួន២ដល់អ៊ុយក្រែន។

ចំណុចទីមួយ នឹងមានការរំពឹងថាអ៊ុយក្រែននឹងមានឱកាសលាតត្រដាង ផែនការសន្តិភាព១០ ចំណុចរបស់ខ្លួនដែលត្រូវបានដាក់ចេញ តាំងពីខែធ្នូឆ្នាំ២០២២ នោះមក។ គំរោងទាំង១០ចំណុចរបស់អ៊ុយក្រែននោះ នឹងមានចំណុចមួយចំនួន អាចត្រូវគេយកចិត្តទុក ដាក់ជាចំណុចចាប់ផ្តើមសម្រាប់កិច្ចពិភាក្សានោះ។ ចំណុចទី២ កិច្ចប្រជុំកំពូលដែលមានការចូលរួមពីប្រទេស និងតំណាងអង្គការ ពីប្រមាណ៩០ ប្រទេសនោះ អាចជាឱកាសស្វែងរកការគាំទ្រដល់អ៊ុយក្រែន ក្នុងចំណោមប្រទេសនានាដែល មិនមែនស្ថិតក្នុង ចង្កោមប្រទេសលោកខាងលិច។

កិច្ចប្រជុំនាពេលខាងមុខនេះ នឹងអាចផ្តោតលើចំណុច៣ក្នុងចំណោម១០ចំណុច នៃការដាក់ចេញសន្តិភាពរបស់អ៊ុយក្រែន ក្នុងនោះគឺសន្តិសុខនុយក្លេអ៊ែ័រ, សន្តិសុខស្បៀង និងការដោះលែងអ្នកទោសសង្គ្រាមនិងដោះលែងកុមារអ៊ុយក្រែន ដែលត្រូវបានគេចាប់ពង្រត់។

ចំណុចទាំងបីធំៗនេះ ត្រូវបានគេបង្ហាញថា វាជាប្រធានបទដែលអាចនាំឱ្យមាន ភាពពាក់ព័ន្ធវិជ្ជមានពីបណ្តាប្រទេសផ្សេងៗ ដែលមានកម្រិតគាំទ្រអ៊ុយក្រែនលើ បញ្ហាដាច់ដោយឡែកពីគ្នា។ ប្រធានបទស្តីពីសន្តិសុខនុយក្លេអ៊ែ័រ និងសន្តិសុខស្បៀង គឺជាភាពស្មុគស្មាញសកលដ៏ធំ ដែលតម្រូវឱ្យមានការរួមសម្បាច់គ្នា របស់ពិភពលោក ដើម្បីធ្វើការដោះស្រាយ និងចំណុច ស្នូលរបស់ប្រធានបទក្នុងកិច្ចប្រជុំកំពូលនោះ នឹងរំពឹងការជួយសម្រូលនូវឱកាសដល់ ប្រទេសមួយចំនួន ដែលមិនសូវនិយាយ ស្តីជុំវិញការគាំទ្រអ៊ុយក្រែន នឹងអាចឱ្យពួកគេបង្ហាញឆន្ទៈ ដើម្បីការចូលរួមធ្វើសកម្មភាពគាំទ្រដល់អ៊ុយក្រែន។

កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែនខាងមុខនេះ គឺជាកិច្ចប្រជុំមួយដែលដាស់ស្មារតីដល់ ការយកចិត្តទុកដាក់របស់ពិភពលោក ងាកមករកប្រទេសអ៊ុយក្រែនវិញ ក្រោយរយៈពេល៨ខែកន្លងមក ដែលការយកចិត្តទុកដាក់របស់ពិភពលោកងាកទៅខ្លាំង ក្នុងសង្គ្រាមក្នុងតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន។

កិច្ចប្រជុំនេះគ្រោងនឹងរំលេចនូវចំណុចសំខាន់ៗ ដើម្បីចង់ឱ្យគេមើលឃើញនូវគ្រោះថ្នាក់របស់ ពិភពលោកដោយសារតែទង្វើរុស្ស៊ី នៃប្រទេសមហាអំណាចនុយក្លេអ៊ែ័រ, ការព្យាយាមចង់ប្រមូលប្រទេសដទៃទៀតដើម្បីធ្វើការថ្កោលទោសរុស្ស៊ី លើសកម្មភាព ដែលបានប្រព្រឹត្តដាក់មក លើអ៊ុយក្រែន និងលទ្ធផលនៃកិច្ចប្រជុំកំពូល នោះទៀត គឺជាលទ្ធផលរបស់អ៊ុយក្រែនសម្រាប់ ប្រយោជន៍ប្រើប្រាស់ ក្នុងពេលមានកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអង្គការណាតូ នាខែកក្កដាឆ្នាំ ២០២៤ នៅរដ្ឋធានីវ៉ាស៊្ហីនតោនសហរដ្ឋអាមេរិក ថែមទៀត៕