(ប៉េកាំង)៖ “ពីខែមករាដល់ខែឧសភាឆ្នាំ២០២៤នេះ ចំនួននាំចេញរថយន្តថាមពលថ្មីនៃក្រុមហ៊ុន BYD គឺ១សែន៧ម៉ឺន៦ពាន់គ្រឿង ដែលសម្រេចបាន នូវកំណើនដ៏ល្អប្រសើរនៃការនាំចេញរថយន្ត។ នេះសំខាន់គឺដោយមកពីយុទ្ធសាស្ត្រសកលភាវូបនីយកម្ម របស់ក្រុមហ៊ុនយើង។” កាលពីថ្ងៃទី១២ ខែឧសភា ក្រុមហ៊ុន BYD ដែលជាសហគ្រាសផលិតរថយន្តរបស់ចិន បានថ្លែងដូចពោលខាងលើនេះ។

កាលពីថ្ងៃទី១១ខែឧសភា តាមទិន្នន័យដែលសមាគមព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើររបស់ចិន ប្រកាសឱ្យដឹងថា ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៤នេះ ចំនួននាំចេញរថយន្តចិនសរុបឡើងដល់ ២លាន៤សែន៥ម៉ឺនគ្រឿង ដែលកើនឡើង២៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ក្នុងនោះ រថយន្តថាមពលថ្មីត្រូវនាំចេញទៅបរទេសជាបន្តបន្ទាប់ ដែលក្លាយជាកម្លាំងចលករសំខាន់ សម្រាប់ជំរុញកំណើននៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។

តាមទិន្នន័យនៃរដ្ឋាភិបាលចិនឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មទំនិញ គឺ១៧,៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ ល្បឿនកំណើននៃការនាំចេញនាំចូលនៅខែឧសភា ឡើងដល់៨,៦ភាគរយ ដែលកើនឡើង០,៦ភាគរយបើប្រៀបធៀបនឹងខែមេសា ។ ពីការលេចចេញភាពមិននឹងនរនៅត្រីមាសទីមួយឆ្នាំនេះ រហូតដល់ការទៅរក ភាពល្អប្រសើរជាបណ្តើរៗនៅខែមេសានិងខែឧសភា ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើងវិញ ដែលបានមកដោយមិនងាយទេ។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជា ទីភ្នាក់ងារសារព័ត៌មាន Reuters បានលើកឡើងថា ក្រោមបរិបទដែលសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុប អនុវត្តការដាក់ កំហិតទៅលើពាណិជ្ជកម្មរបស់ចិន ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលលើសពីការប៉ាន់ប្រមាណ នេះបានបង្ហាញថា សហគ្រាសចិន ទទួលបានប្រសិទ្ធភាពដ៏លេចធ្លោ ក្នុងការត្រួសត្រាយទីផ្សារបរទេសយ៉ាងសកម្ម ហើយក៏បង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នៃសេដ្ឋកិច្ចរបស់ចិនដែរ។

ក្រៅពីនិន្នាការទៅរកភាពល្អប្រសើរជាទូទៅបន្តត្រូវពង្រឹង ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក៏បានលេចចេញនិន្នាការនាំចេញ ប្រកបដោយគុណភាពខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងផងដែរ។ ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំនាំចេញពាណិជ្ជកម្មទំនិញរបស់ចិន បានកើនឡើង៦,១ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ផលិតផលគ្រឿងយន្តនិងផលិតផលអេឡិចត្រូនិក ដែលមានបច្ចេកទេសនិងតម្លៃបន្ថែមខ្ពស់ មានចំនួនជិត៦០ភាគរយ ការនាំចេញនាវា រថយន្តអគ្គិសនី គ្រឿងអគ្គិសនីនិងសៀគ្វី រួមបញ្ចូលគ្នាបានកើនឡើង១០០,១ភាគរយ ២៦,៣ភាគរយ ១៧,៨ភាគរយ និង២៥,៥ភាគរយដោយឡែកពីគ្នា។

តាមការពិត ចិនមិនត្រឹមតែបានផ្តល់ផលិតផលច្នៃប្រឌិតថ្មីដល់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានចែករំលែកកាលានុវត្តភាពថ្មី និងទីផ្សារធំជាមួយ ពិភពលោកផងដែរ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ការនាំចូលពាណិជ្ជកម្មទំនិញ របស់ចិនបានកើនឡើង៦,៤ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ទំហំនាំចូលត្រូវបានពង្រីកជាលំដាប់ ។ ក្នុងអំឡុងពេលនេះ ទន្ទឹមនឹងការបន្ធូរបន្ថយលក្ខខណ្ឌអនុញ្ញាតឱ្យចូលទីផ្សារចិន ការលើកកម្ពស់កម្រិតភាពងាយស្រួល នៃការចេញចូលដែននិងការផ្សព្វផ្សាយ នៃសកម្មភាពពិព័រណ៍ ទំនិញប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសនានា ដូចជាផ្លែប៉ោមស្រស់របស់អាល្លឺម៉ង់ និងគ្រាប់អាល់ម៉ុនរបស់ឈីលីជាដើម បាននាំគ្នាចូលក្នុងទីផ្សាររបស់ចិន។

ទន្ទឹមនឹងការដែលនិន្នាការទៅរកភាពល្អប្រសើរ នៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ត្រូវបានពង្រឹងជាបន្តបន្ទាប់ ពេលថ្មីៗចុងក្រោយនេះ អង្គការហិរញ្ញវត្ថុអន្តរជាតិ ជាច្រើនដូចជាអង្គការ IMF ធនាគារក្រុងប៉ារីសរបស់បារាំង និងធនាគារអាមេរិកជាដើម បានប្រកាសព្រមៗគ្នាថា នឹងសម្រួលដំឡើងការប៉ាន់ប្រមាណចំពោះ កំណើនសេដ្ឋកិច្ចរបស់ចិន នៅឆ្នាំ២០២៤ដល់៥ភាគរយ ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើន បានលើកឡើងថា សេដ្ឋកិច្ចចិនមានទំហំធំណាស់ និងមានបរិយាកាសឧស្សាហកម្មចាស់ទុំ ហើយក្រុមមនុស្សដែលមានចំណូលមធ្យម បានកើនឡើងជាបន្តបន្ទាប់ គឺជាទីផ្សារដែលវិនិយោគិនបរទេស មិនអាចកាត់ផ្តាច់បាន។

តាមការពិនិត្យអង្កេតថ្មីបំផុតនៃរដ្ឋាភិបាលចិនឱ្យដឹងថា សហគ្រាសពាណិជ្ជកម្មជាមួយបរទេស ៨១,៦ភាគរយប៉ាន់ប្រមាណថា ការនាំចេញនៅឆមាសទីមួយ នឹងឆ្ពោះទៅរកភាពល្អប្រសើរឬស្មើនឹងឆ្នាំមុន នេះបានបញ្ជក់ពីជំនឿចិត្តរបស់អ្នកផងទាំងពួងថា ទន្ទឹមនឹងការដែលសេដ្ឋកិច្ចចិន បន្តទៅរកភាពល្អប្រសើរឡើងវិញ កត្តាមានអំណោយផលដល់ការអភិវឌ្ឍពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន នឹងកើនឡើងជាបន្តបន្តាប់ ដែលនឹងនាំមកនូវភាគលាភ កាន់តែច្រើនដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន