(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានអនុម័តជាឯកឆន្ទនូវសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ដែលលើកឡើងដោយប្រទេសចិន ហើយបានកំណត់យកថ្ងៃទី ១០ ខែមិថុនាជាទិវាអន្តរជាតិ សម្រាប់ការសន្ទនារវាងអរិយធម៌។ ក្នុងបរិបទបច្ចុប្បន្នដែលប្រឈមមុខនឹងវិបត្តិ និងការសាកល្បងជាច្រើន ហើយពិភពលោកបាននិងកំពុងឈានចូល ដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់ថ្មី ការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនា រវាងអរិយធម៌មានអំណោយផល ដល់ការជំរុញឱ្យពិភពលោកផ្តោតសំខាន់លើ បញ្ហាពិភាក្សាអំពីកិច្ចសន្ទនាខាងអរិយធម៌ និងជំរុញការបង្កើនការផ្លាស់ប្តូរនិងរួមរស់នៅជាមួយគ្នា ដោយសុខដុមរមនារវាងអរិយធម៌ទីទៃគ្នា ដូច្នេះ ការបង្កើតទិវានេះគឺ ត្រូវចំពេលណាស់ដែលជាបំណងរួមរបស់ប្រជាជន និងជានិន្នាការទូទៅរបស់សហគមន៍អន្តរជាតិ។

ក្រឡេកទៅមើលពិភពលោកបច្ចុប្បន្ន ស្របពេលដែលជម្លោះផ្នែកភូមិសាស្ត្រនយោបាយឡើងកម្តៅ ការប៉ះទង្គិចក្នុងតំបន់បាននិងកំពុង កើតឡើងនៅទូទាំងពិភពលោក ហើយឱនភាពសន្តិភាព ឱនភាពសន្តិសុខ ឱនភាពអភិវឌ្ឍន៍និងឱនភាពអភិបាលកិច្ច បានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យការរួមរស់នៅជាមួយគ្នារបស់មនុស្សជាតិ ប្រឈមមុខនឹងការសាកល្បងជាច្រើន ។ ការស្វែងរកបាននូវវិធីសាស្រ្តរួមរស់នៅជាមួយគ្នា ដោយសុខដុមរមនារវាងអរិយធម៌ទីទៃគ្នា បានក្លាយជាបញ្ហាសំខាន់ៗ ដែលសង្គមមនុស្សជាតិ បាននិងកំពុងប្រឈមមុខ។ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង នូវគំនិតផ្តួចផ្តើមអរិយធម៌សកលដោយអំពាវនាវ ឱ្យពិភពលោកធ្វើឱ្យស៊ីជម្រៅនូវការជំរុញ ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ ក៏ដូចជាជំរុញអរិយធម៌នៃសង្គមមនុស្សជាតិ ឱ្យវិវឌ្ឍរីកចម្រើន ដែលទទួលបានការឆ្លើយតបជាវិជ្ជមាន ពីសំណាក់សហគមន៍អន្តរជាតិ។ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវខ្លឹមសារជាស្នូល នៃគំនិតផ្តួចផ្តើមអរិយធម៌សកល។

សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា សមិទ្ធផលអរិយ្យធម៌ទាំងអស់គឺជាទ្រព្យសម្បត្តិរួម របស់សង្គមមនុស្សជាតិ ផ្តួចផ្តើមឱ្យគោរពពិពិធកម្មនៃអរិយធម៌ ផ្តោតសំខាន់និងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃកិច្ចសន្ទនាខាងអរិយធម៌ ក្នុងការគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួម បង្កើនសុខុមាលភាពរបស់មនុស្សជាតិ និងសម្រេចបាននូវវឌ្ឍនភាពរួម ផ្តួចផ្តើមឱ្យធ្វើកិច្ចសន្ទនាដោយស្មើភាព និងគោរពគ្នាទៅវិញទៅមករវាងអរិយធម៌ទីទៃគ្នា គំនិតទាំងនេះសុទ្ធតែស៊ីសង្វាក់គ្នាជាមួយ គំនិតផ្តួចផ្តើមរបស់ចិន។

បន្ទាប់ពីបានអនុម័តលើសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតអង្គការសហប្រជាជាតិ ប្រទេសចំនួន ១៤ បានចូលរួមក្នុងក្រុមការងារស្នូល នៃសេចក្តីសម្រេចចិត្ត ហើយប្រទេសចំនួន ៨៣ បានចូលរួមសកម្មភាពស៊ីញ៉េឈ្មោះលើញត្តិ ដែលបង្ហាញយ៉ាងពេញលេញថា គំនិតផ្តួចផ្តើមអរិយធម៌សកលសម្របទៅតាមចរន្តយុគសម័យ និងមានភាពស៊ីសង្វាក់គ្នាជាមួយ តម្រូវការយុគសម័យ ហើយគំនិតផ្តួចផ្តើមរបស់ចិននិងផែនការចិនកាន់តែច្រើនឡើងៗ កំពុងក្លាយជាគំនិតឯកភាពរួមរបស់អន្តរជាតិ។

លោក Maher Ihsan អ្នកជំនាញខាងបញ្ហានយោបាយរបស់ស៊ីរីបានសម្គាល់ឃើញថា ការដែលមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើត ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌បាន "ឆ្លុះបញ្ចាំងថា គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយប្រទេសចិន កំពុងទទួលបានផ្លែផ្កាយ៉ាងច្រើនសន្ធឹកឥតឈប់ឈរ ហើយបានប្រែក្លាយជាផលិតផលសាធារណៈ ដែលបម្រើមនុស្សជាតិទាំងមូលកាន់តែច្រើន "។

តើត្រូវដោះស្រាយបញ្ហារវាងអរិយធម៌ទីទៃគ្នាតាមរបៀបណា វាពាក់ព័ន្ធដល់វឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ក៏ដូចជាសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។ ក្នុងចំណោមអរិយធម៌ទីទៃគ្នា ត្រូវការកិច្ចសន្ទនា តែមិនមែនការរើសអើង ត្រូវការការផ្លាស់ប្តូរគ្នា តែមិនមែនជំនួស ។ មានតែការសន្ទនានិងការផ្លាស់ប្តូរខាងអរិយធម៌ ដែលប្រកបដោយសមភាពនិងភាពរិយាបន្ន ទើបអាចលុបបំបាត់ការរើសអើង និងគំនិតលំអៀង ក៏ដូចជាបង្កើនការយោគយល់និងទំនុកចិត្ត។ ទំនាក់ទំនងរវាងប្រទេស គឺ ឈរលើមូលដ្ឋាននៃការរួមរស់នៅជាមួយគ្នាដោយមេត្រីភាពរវាងប្រជាជន។ ក្នុងចំណោមប្រទេសខុសៗគ្នា ជនជាតិខុសៗគ្នា និងអរិយធម៌ខុសៗគ្នា ប្រសិនបើអ្នកយល់ដឹងពីខ្ញុំឬខ្ញុំយល់ដឹងពីអ្នក ហេតុផលនឹងបកស្រាយកាន់តែច្បាស់ ហើយការងារក៏នឹងកាន់តែស្រួលធ្វើ។

យ៉ាងណាមិញ ទោះបីជាអរិយធម៌មនុស្សជាតិ បានរីកចម្រើនទៅដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តក៏ដោយ ក៏សង្គ្រាមមិនដែលនៅឆ្ងាយប៉ុន្មានទេ ការប៉ះទង្គិចក្នុងតំបន់កើតឡើងជាញឹកញាប់ ហើយបញ្ហាប្រឈមសកលដូចជាភេរវនិយម និងបម្រែបម្រួលអាកាសធាតុជាដើមកើតឡើងម្តងមួយៗ។ ប្រឈមមុខនឹងការសាកល្បងរួម ច្រកចេញតែមួយគត់របស់មនុស្សជាតិ គឺត្រូវរួមកម្លាំងជាធ្លុងមួយនិងពុះពារឧបសគ្គជាមួយគ្នា។

អរិយធម៌ប្រជាជាតិចិនមានលក្ខណៈសន្តិភាពដ៏លេចធ្លោ ដែលបានសម្រេចពីឫសគល់ថា ជានិច្ចកាល ប្រទេសចិនតែងតែជា ស្ថាបនិកកសាង សន្តិភាពរបស់ពិភពលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោក និងជាអ្នកគាំពារនៃសណ្តាប់ធ្នាប់អន្តរជាតិ ។ លើសពីនេះទៅទៀត វាបានសម្រេចថា ប្រទេសចិនស្វែងរកឥតឈប់ឈរ នូវការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ តែមិនមែនអនុវត្តអនុត្តរភាពផែ្នកវប្បធម៌ ក៏ដូចជាសម្រេចថា ប្រទេសចិនមិនបង្ខិតបង្ខំឱ្យប្រទេសដទៃ ធ្វើតាមទស្សនៈតម្លៃ និងប្រព័ន្ធនយោបាយរបស់ខ្លួន ហើយក៏បានសម្រេចដែរថា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់ នូវកិច្ចសហប្រតិបត្តិការ តែមិនចាត់គោលនយោបាយអរិភាពឡើយ។

កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៩ ប្រទេសអាស៊ីចំនួន ៤៧ បានជួបជុំគ្នានៅទីក្រុងប៉េកាំងដើម្បីប្រារព្ធធ្វើ កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីលើកទីមួយ បណ្តាប្រទេសនានាបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើម និងកិច្ចព្រមព្រៀងពហុភាគីនិងទ្វេភាគីមួយចំនួន ដែលបានតាំងមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងមួយចំនួន ដូចជាការធ្វើប្រតិបត្តិការអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ីជាដើម។

កាលពីខែមីនា ឆ្នាំ ២០២៣ ឆ្លងតាមរយៈកិច្ចសន្ទនានិងការចរចា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានបញ្ចប់ការបដិបក្ខខាងនយោបាយ រយៈពេលជាងរាប់សិបឆ្នាំ ហើយបានឈានដល់ "ការផ្សះផ្សាគ្នាប្រចាំសតវត្សរ៍" ដែលបានបង្កើតជា "រូបមន្តអារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់" ដែលអាចផ្តល់នូវបទពិសោធ សម្រាប់ដោះស្រាយបញ្ហាក្នុងតំបន់ផ្សេងទៀត។

សកម្មភាពយ៉ាងសកម្មទាំងនេះបានបំពេញបន្ថែម នូវស្ថិរភាពនិងជំនឿចិត្តកាន់តែច្រើនទៅក្នុងពិភពលោក ដែលមានបម្រែបម្រួល និងភាពរង្គោះរង្គើខ្លាំងដែលធ្វើឱ្យអ្នកផងទាំងពួង មើលឃើញលទ្ធភាពនៃការជំរុញសន្តិភាព តាមរយៈការសន្ទនានិងការជំរុញការអភិវឌ្ឍ តាមរយៈការផ្លាស់ប្តូររវាងអរិយធម៌ទីទៃគ្នា។

ដោយឡែកប្រទេសចិនផ្តួចផ្តើមឱ្យ មហាសន្និបាតអង្គការសហប្រជាជាតិ បង្កើតទិវាអន្តរជាតិសម្រាប់ ការសន្ទនារវាងអរិយធម៌ គឺដើម្បីពង្រីកយ៉ាងពេញលេញនូវតួនាទីដ៏សំខាន់ នៃការសន្ទនាខាងអរិយធម៌ក្នុងការលុបបំបាត់ ការរើសអើងនិងគំនិតលំអៀង បង្កើនការយោគយល់និងទំនុកចិត្ត ជំរុញការតភ្ជាប់ដួងចិត្តប្រជាជន និងបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាបំពេញបន្ថែមនូវថាមពលវិជ្ជមាន សម្រាប់សង្គមមនុស្សជាតិបង្កើនសាមគ្គីភាព និងឆ្លើយតបនឹងបញ្ហាប្រឈមរួម។

នៅពេលបច្ចុប្បន្នដែលបណ្តាប្រទេសនានា មានអនាគតនិងជោគវាសនាតភ្ជាប់គ្នាយ៉ាងស្អិតល្មួត អរិយធម៌ទីទែគ្នាដែលមានភាពបរិយាប័ន្ន រួមរស់នៅជាមួយគ្នាដោយសុខដុមរមនា ផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមកបានដើរតួនាទី មិនអាចជំនួសបានក្នុងការជំរុញ ដំណើរធ្វើទំនើបកម្មសង្គមរបស់មនុស្សជាតិ និងធ្វើឱ្យអរិយធម៌ផ្សេងៗលើពិភពលោក ប្រកបដោយភាពរុងរឿងថ្កុំថ្កើង ។ ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌លើកទីមួយ បានមកដល់ហើយ ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេសនានា លើពិភពលោកដើម្បីជំរុញការគោរពគ្នាទៅវិញទៅមក និងរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា រវាងអរិយធម៌ទីទៃគ្នា ធ្វើឱ្យការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ ក្លាយជាស្ពានសម្រាប់បង្កើនចំណងមិត្តភាព រវាងប្រជាជននៃប្រទេសនានា ជាកម្លាំងចលករសម្រាប់ជំរុញវឌ្ឍនភាពនៃសង្គមមនុស្សជាតិ និងជាចំណងសម្រាប់គាំពារសន្តិភាពពិភពលោក ក្នុងន័យចាប់ដៃគ្នាចារទំព័រថ្មីក្នុងការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន