(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorus បានបង្ហាញផែនការថ្មីមួយ សម្រាប់ដំណើរការជ្រើសរើសទាហាន ដោយផ្តោតលើអ្នកស្ម័គ្រចិត្ត ក្នុងន័យជំរុញសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ប្រឈមមុខនឹងភាពតានតឹងជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២៤។
លោក Pistorus បានឱ្យដឹងទៀតថា ប្រហែល១៣ឆ្នាំ បន្ទាប់ពីអាល្លឺម៉ង់ផ្អាកគោលការណ៍បំពេញកាតព្វកិច្ចយោធាជាកំហិត បុរសៗទាំងអស់ នឹងចាំបាច់ត្រូវបំពេញកម្រងសំណួរ ដើម្បីវាស់ស្ទង់ភាពស័ក្តិសមរបស់ពួកគេ ក៏ដូចជាចំណាប់អារម្មណ៍ ក្នុងការចូលបម្រើយោធា នៅពេលមានអាយុ ១៨ឆ្នាំ។ ដោយឡែក ស្រ្តីៗមានជម្រើសមិនពេញកម្រងសំណួរនេះបាន។ បន្ទាប់មកនឹងមានការជ្រើសរើសប្រហែល ១០ភាគរយនៃអ្នកទាំងនោះ មុននឹងចម្រាញ់យកអ្នកដែលស័ក្តិសមបំផុត និងចំណាប់អារម្មណ៍ខ្ពស់ជាងគេ ក្នុងការចូលបម្រើយោធា ឱ្យអនុវត្តការហ្វឹកហ្វឺនជាមូលដ្ឋាន រយៈពេល ៦ខែ ជាមួយនិងជម្រើសបន្តរហូតដល់ ១៧ខែ។
លោក Pistorus ប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «អ្នកដែលស័ក្តិសម និងមានចំណូលចិត្តបំផុត នឹងត្រូវជ្រើសរើស ឱ្យចូលបម្រើយោធា»។ រដ្ឋមន្ត្រីការពារជាតិរូបនេះ ប្តេជ្ញាប្រែក្លាយអាល្លឺម៉ង់ទៅប្រទេស ដែលមានការត្រៀមលក្ខណៈរួចជាស្រេច សម្រាប់សង្គ្រាម ដោយព្រមានថា សង្គ្រាមរវាងសម្ព័ន្ធមិត្តលោកខាងលិចរបស់អង្គការណាតូ និងរុស្ស៊ីអាចកើតឡើងក្នុងរយៈពេលពី ៥ទៅ ៨ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា ផែនការនេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូររបស់អាល្លឺម៉ង់ ឆ្ពោះទៅរកគោលនយោបាយការបរទេស និងការពារជាតិដ៏រឹងមាំ ដែលត្រូវបានប្រកាសដោយអធិការបតី លោក Olaf Scholz នៅប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ បើតាមក្រសួងការពារជាតិអាល្លឺម៉ង់ ខ្លួនមានបំណងបង្កើនចំនួនយុវជន ដែលចូលបម្រើយោធាដោយស្ម័គ្រចិត្ដ ថែម៥,០០០នាក់ទៀត គឺឱ្យដល់ចំនួន១៥,០០០នាក់ នៅក្នុងឆ្នាំដំបូង ហើយនឹងដំឡើងតួលេខនោះ ពីមួយឆ្នាំទៅមួយឆ្នាំ៕