(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកូរ៉េខាងត្បូង លោក Lee Jae-myung បានរងនូវការចោទប្រកាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ ពីបទសូប៉ាន់ក្នុងផែនការមួយ ដែលប្រើប្រាស់ក្រុមហ៊ុន​ផលិតខោអាវទ្រនាប់​ ដើម្បី​ផ្ទេរប្រាក់ទៅកូរ៉េខាងជើង ហើយសម្រួលសម្រួលឱ្យមាន ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីពេលដែលលោកកាន់តំណែងជាអភិបាលខេត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២៤។

Ssangbangwool គឺជាក្រុមហ៊ុនដំបូងឡើយ ផលិតខោអាវទ្រនាប់ ហើយក្រោយមកបានពង្រីកទៅកាន់អាជីវកម្មផ្សេងទៀត។ បុគ្គលដែលជាអភិបាលរង របស់លោក Li កាលពីពេលលោកនៅធ្វើជាអភិបាលខេត្ត Gyeonggi ត្រូវបានតុលាការរកឃើញរួចហើយថា មានពិរុទ្ធពីបទសូកប៉ាន់និងផ្ទេរមូលនិធិខុសច្បាប់ ដោយសមគំនិតជាមួយក្រុមហ៊ុន Ssangbangwool Group ដើម្បីផ្ញើប្រាក់ចំនួន ៨លានដុល្លារទៅឱ្យកូរ៉េខាងជើង។

ប៉ុន្តែ លោក Lee បានបដិសេធការជាប់ពាក់ព័ន្ធ ឬដឹងឮអំពីគម្រោងនេះ ដែលកើតឡើងកាលពីចន្លោះឆ្នាំ ២០១៩ និងឆ្នាំ២០២០ ហើយមានគោលដៅលើកកម្ពស់ គម្រោងពាណិជ្ជកម្មមួយជាមួយកូរ៉េខាងជើង រួមទាំងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងព្យុងយ៉ាង។ លោក Lee បានពិពណ៌នាថា «គំនិតច្នៃប្រឌិតរបស់ក្រុមរដ្ឋអាជ្ញារ ហាក់កាន់តែអាក្រក់ទៅៗហើយ»។

គួរបញ្ជាក់ថា លោក Lee គឺជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឆ្នាំ២០២២ ហើយបានចាញ់ក្រោមថ្វីដៃ របស់ លោក Yoon Suk Yeol។ លោក Lee ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គូប្រជែង​ដ៏​សំខាន់​ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បន្ទាប់ ​នៅកូរ៉េខាងត្បូង នា​ឆ្នាំ​២០២៧៕