Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីអង់គ្លេស នឹងប្រកាសជំនួយប្រហែល៣១០លានដុល្លារ សម្រាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំ G7

13-06-2024 14:51

(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak នឹងប្រកាសជំនួយ គិតជាទឹកប្រាក់អាចដល់២៤២លានផោន ឬស្មើនឹង៣០៩.៦៩លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំកំពូល G7។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

អំឡុងកិច្ចប្រជុំនោះ លោក Sunak នឹងប្រកាសជំនួយរាប់រយលានដុល្លារថ្មីខាងលើ ដើម្បីគាំទ្រដល់តម្រូវការបន្ទាន់ ផ្នែកមនុស្សធម៌ ថាមពល និងស្ថិរភាព ហើយបម្រើជាមូលដ្ឋានសម្រាប់កិច្ចប្រឹងប្រែង ស្រោចស្រង់ប្រទេសអ៊ុយក្រែនឡើងវិញ សម្រាប់រយៈពេលវែង។ ការិយាល័យលោក Sunak បានបន្ថែមទៀតថា «ការផ្តល់មូលធិនិនេះ ស្តែងឱ្យឃើញពីការបន្តចូលរួមរបស់ចក្រភពអង់គ្លេស ក្នុងការបង្ហាញ​សាមគ្គីភាពរបស់អន្តរជាតិ ជាមួយអ៊ុយក្រែន ព្រមទាំងអំពីភាពបត់បែន របស់យើង ក្នុងការឆ្លើយតបតម្រូវការចាំបាច់បន្ទាន់ផ្សេងៗ ដែលបង្ក​ឡើងដោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ី»

យោងតាមសេចក្តីថ្លែងការណ៍ខាងលើ លោក Sunak នឹងធ្វើការជាមួយមេដឹកនាំដទៃទៀត នៃក្រុម G7 ដើម្បីស្វែងរកមធ្យោបាយប្រើប្រាស់​ ទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៉ី យកទៅជួយដល់អ៊ុយក្រែន ខណៈលោកនាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយដូច្នេះថា «ពួកយើងចាំបាច់ត្រូវតែម៉ឺតម៉ាត់ និងមានភាពច្នៃប្រឌិត ក្នុងកិច្ចប្រឹងប្រែងរបស់យើង ដើម្បីផ្តល់ការគាំទ្រដល់អ៊ុយក្រែន និងដើម្បីបិទបញ្ចប់សង្រ្គាមខុសច្បាប់របស់លោក ពូទីន នាពេលវេលាដ៏សំខាន់មួយនេះ»

គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែននឹងស្ថិតក្នុងចំណោមរបៀបវារៈកំពូលៗ នៃកិច្ចប្រជុំ G7 ក្នុងប្រទេសអ៉ីតាលី ជាទីដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងចូលរួមផងដែរ។ កិច្ចប្រជុំកំពូល G7 នឹងបើកធ្វើនាថ្ងៃព្រហស្បតិ៍នេះ៕