(វែលីងតោន)៖ នូវែលសេឡង់នាថ្ងៃព្រហស្បតិ៍នេះ បានទទួលស្វាគមន៍នាយករដ្ឋមន្រ្តីចិន លោក Li Qiang នៅឯទីក្រុងវែលីងតោន មុនការបើកកិច្ចជួបពិភាក្សាគ្នា រវាងរូបលោក ហើយនិងនាយករដ្ឋមន្រ្តីនូវែសេឡង់ ក្នុងដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្រ្តីនៃប្រទេសចិន មកកាន់ប្រទេសនូវែលសេឡង់ គិតចាប់តាំងពីឆ្នាំ២០១៧មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤។
មុនចាប់ផ្តើមកិច្ចពិភាក្សា លោក Li បាននិយាយយ៉ាងដូច្នេះថា «អ្នកទាំងអស់គ្នាដឹងហើយថា ស្ថានការណ៍អន្តរជាតិ កំពុងជួបប្រទះការប្រែប្រួលខ្លាំង និងមានលក្ខណៈស្មុគស្មាញ ប៉ុន្តែពួកយើងទាំងពីរ គឺចិននិងនូវែលសេឡង់ ផ្តល់សារសំខាន់យ៉ាងធំធេង ចំពោះកិច្ចប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ យើងមានឆន្ទៈរឹងមាំដូចគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក»។ លោក Li បានបន្ថែមថា រូបលោកស្ម័គ្រចិត្ត ធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ដោយបើកចំហត្រង់ៗ ជាមួយនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Li គឺជាទស្សនកិច្ចជាន់ខ្ពស់លើកទី២របស់ចិន មកកាន់ប្រទេសនូវែលសេឡង់ នៅក្នុងឆ្នាំនេះ បន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កាលពីចុងខែមីនា។ បន្ទាប់ពីនូវែលសេឡង់ លោកនាយករដ្ឋមន្រ្តីចិន នឹងបន្តដំណើរទៅដល់ប្រទេសអូស្រ្តាលីថែមទៀត នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេលសរុប៤ថ្ងៃ នៅទីនោះ៕