(យូអិន)៖ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សសរុបរហូតដល់១២០លាននាក់ កំពុងរស់នៅដោយត្រូវព្រាត់ប្រាសពី ផ្ទះសម្បែងរបស់ពួកគេ ព្រោះតែសង្រ្គាម អំពើហិង្សា និងការជិះជាន់ធ្វើបាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ទីភ្នាក់ងារជនភៀសខ្លួន UNHCR របស់ UN បាននិយាយថា តួលេខខាងលើ គឺជាការបន្តបំណែកកំណត់ត្រាថ្មី ដោយបញ្ហាជម្លោះ នៅកន្លែងដូចជា តំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ព្រមទាំងប្រទេសស៊ូដង់ និងប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងបង្ខំឱ្យមនុស្សកាន់តែច្រើនថែមទៀត នាំគ្នារត់ភៀសខ្លួន ចេញពីលំនៅដ្ឋានរបស់ពួកគេ។
បើតាមរបាយការណ៍ UNHCR គិតត្រឹមចុងឆ្នាំ២០២៣ មនុស្ស១១៧.៣លាននាក់ នៅជុំវិញពិភពលោក ត្រូវបានបង្ខំឱ្យព្រាត់ប្រាសពីផ្ទះសម្បែង ហើយមកដល់ចុងខែមេសា ឆ្នាំនេះ តួលេខបានបន្តកើនថែមទៀត គឺដល់ប្រហែល១២០លាននាក់។ កាលពី១ឆ្នាំមុន តួលេខអ្នកដែលត្រូវបង្ខំឱ្យផ្លាស់ទី គឺមានចំនួន១១០លាននាក់ ខណៈវាបានបន្តកើនឡើងជាប់រហូតមក អស់រយៈពេល១២ឆ្នាំជាប់គ្នាហើយ។
គួរបញ្ជាក់ថា ក្នុងចំណោមតួលេខ១១៧.៣លាននាក់ គិតត្រឹមចុងឆ្នាំ២០២៣ ៦៨.៣លាននាក់ បានភៀសខ្លួននៅក្នុងប្រទេសពួកគេផ្ទាល់ ពោលគឺមិនបានរត់ចេញទៅប្រទេសដទៃឡើយ។ សង្រ្គាមស៉ីវិលនៅស៊ូដង់ ដែលផ្ទុះឡើងកាលពីខែមេសា ឆ្នាំមុន គឺកត្តាគន្លឹះដែលបានជំរុញការកើនឡើងនៃតួលេខនេះ។ គិតត្រឹមចុងឆ្នាំ២០២៣ ប្រជាជនស៊ូដង់សរុបជិត១១លាននាក់ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួន។ ចំណែកនៅឯប្រទេសឆាដនិងមីយ៉ាន់ម៉ា ក៏បានមើលឃើញ មនុស្សរាប់លាននាក់ថែមទៀត ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងផងដែរ កាលពីឆ្នាំមុន ព្រោះតែការប្រយុទ្ធគ្នា នៅក្នុងប្រទេសពួកគេ។
រីឯនៅតំបន់ Gaza UN បានប៉ាន់ប្រមាណថា មនុស្ស១.៧លាននាក់ ឬស្មើនឹង៧៥ភាគរយ នៃចំនួនប្រជាជននៅទីនោះ ត្រូវបានបង្ខំឱ្យផ្លាស់ទី ដោយសារតែ សង្រ្គាមផ្ទុះឡើងកាលពី៨ខែមុន រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ ដោយឡែក សម្រាប់សង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន គិតចាប់តាំងពី ការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ គឺ UN បានប៉ាន់ស្មានថា មនុស្សប្រហែលជា៧៥០,០០០នាក់ទៀត ទើបតែត្រូវព្រាត់ប្រាសពី ផ្ទះសម្បែងរបស់ពួកគេ នៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ កាលពីឆ្នាំមុន ហើយគិតត្រឹមចុងឆ្នាំ២០២៣ តួលេខអ្នកត្រូវបង្ខំឱ្យរត់ភៀសខ្លួននៅក្នុងប្រទេសនេះ សរុបមានចំនួន៣.៧លាននាក់។ ទោះជាបែបនេះក្តី ស៉ីរីនៅតែជាប្រទេសដែលមានវិបត្តិប្រជាជនត្រូវបង្ខំឱ្យផ្លាស់ទីធំជាងគេបង្អស់ ដោយមនុស្សសរុប ១៣.៨លាននាក់ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួន គិតទាំងនៅក្នុងប្រទេស និងចេញទៅក្រៅប្រទេស៕