(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា លោក Louis Arnaud ដែលជាជនជាតិបារាំងម្នាក់ក្នុងចំណោម ៤នាក់ និងត្រូវបានឃុំខ្លួននៅប្រទេសអ៉ីរ៉ង់ ចាប់តាំងពីឆ្នាំ ២០២២ ហើយត្រូវកាត់ទោឱ្យជាប់ពន្ធនាគារ ៥ឆ្នាំកាលពីខែវិច្ឆិកា ឆ្នាំមុន ឥលូវនេះត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២៤។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កងកម្លាំងឆ្មាំបដិវដ្តន៍អ៉ីរ៉ង់ បានចាប់ខ្លួនពលរដ្ឋសញ្ជាតិពីរ និងជនបរទេសជាច្រើននាក់ ដោយភាគច្រើនចោទប្រកាន់ពាក់ព័ន្ធនឹងករណីចារកម្ម និងសន្តិសុខ។ លោក Macron បានបង្ហោះសារមួយតាមបណ្តាញសង្គម X កាលពីថ្ងៃពុធសប្តាហ៍នេះថា «Louis Arnaud មានសេរីភាពវិញហើយ។ គាត់នឹងមកដល់បារាំងនៅថ្ងៃស្អែក បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេលយូរ នៅក្នុងប្រទេសអ៉ីរ៉ង់»។ លោក Macron បានសរសេរទៀតថា «ខ្ញុំក៏កំពុងគិតគូរពីជនជាតិបារាំង ៣នាក់ទៀតដែរ ហើយអំពាវនាវឱ្យអ៉ីរ៉ង់ដោះលែងពួកគេ ដោយមិនបង្អង់យូរ»

គួរបញ្ជាក់ថា នេះគឺជាដំណឹងវិជ្ជមានមួយដ៏កម្រអំពីប្រទេសបារាំង និងអ៉ីរ៉ង់។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែយ៉ាប់យ៉ឺនទៅ ក្នុងរយៈពេលប៉ុន្មានចុងក្រោយ ដោយតេហេរ៉ង់ បានចាប់ពលរដ្ឋបារាំង ៤នាក់នៅក្នុងអ្វីដែលប៉ារីសនិយាយថា ជាការចាប់ខ្លួនតាមអំពើចិត្ត ស្មើនឹងការចាប់មនុស្សជាចំណាប់ខ្មាំង៕