(យូអិន)៖ ក្រុមអ្នកការទូត បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ទំនងជានឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ទៅលើសេចក្តីព្រាងនៃដំណោះស្រាយស្នើឡើងដោយចក្រភពអង់គ្លេស ដើម្បីទាមទារឱ្យបញ្ឈប់ការឡោមព័ទ្ធទីក្រុង Al-Fashir ក្នុងតំបន់ Dafur ភាគខាងជើងប្រទេសស៊ូដង់ ពីសំណាក់កងកម្លាំងទាហានប៉ារ៉ា (RSF)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២៤។
សង្រ្គាមដណ្តើមអំណាចនៅស៊ូដង់ បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣។ ឥលូវនេះ ទីក្រុង Al-Fashir នៅក្នុងតំបន់ Darfur គឺជាជម្រករបស់អ្នកស្រុក និងជនភៀសខ្លួនជាង ១.៨លាននាក់ ហើយជាកន្លែងប្រយុទ្ធគ្នាថ្មីចុងក្រោយរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF។ សេចក្តីព្រាងនៃដំណោះស្រាយដែល Reuters ទទួលបាន ក៏អំពាវនាវផងដែរ ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រយុទ្ធគ្នា បន្ធូរបន្ថយការភាពតានតឹងទាំងនៅក្នុង និងជុំវិញទីក្រុង ការដកកងកម្លាំងទាំងអស់ដែលគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខរបស់ជនស៉ីវិល។ គេរំពឹងថា នឹងមានការបោះឆ្នោតលើសេចក្តីព្រាងនៃដំណោះស្រាយ តាមការស្នើរបស់អង់គ្លេសទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិកចំនួន ១៥រូប នារសៀលថ្ងៃព្រហស្បតិ៍នេះ។ ដំណោះស្រាយមួយ ត្រូវការសំលេងគាំទ្រយ៉ាងតិច ៩សំលេង ហើយគ្មានការវេតូពីរុស្ស៉ី ចិន សហរដ្ឋអាមេរិក ឬបារាំង ដើម្បីអនុម័ត។
គួរបញ្ជាក់ថា កងកម្លាំង RSF និងសម្ព័ន្ធមិត្តរបស់ខ្លួន បានធ្វើការវាយលុកហួសពីរដ្ឋធានីនៃតំបន់ Darfur ទៅកាន់ទីក្រុងចំនួន ៤ផ្សេងទៀតគិតចាប់តាំងពីឆ្នាំមុន ហើយត្រូវបានស្តីបន្ទោសទៅលើយុទ្ធនាការមួយ ដែលនាំឱ្យមានប៉ះទង្គិចគ្នារហូតដល់ស្លាប់ ពីសំណាក់ក្រុមជនជាតិភាគតិចប្រឆាំងនឹងក្រុមមិនមែនអារ៉ាប់ ក៏ដូចជាការរំលោភបំពានផ្សេងទៀតនៅឯតំបន់ West Darfur៕