(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា បណ្តាមេដឹកនាំនៃក្រុមប្រទេស G7 នឹងឯកភាពគ្នាក្នុងការផ្តល់ថវិកាចំនួន ៥០ពាន់លានដុល្លារដល់អ៊ុយក្រែននៅចុងឆ្នាំនេះ រួចទូទាត់វិញជាមួយនិងទ្រព្យសម្បត្តិរបស់រុស្ស៉ីដែលត្រូវបានបង្កក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២៤។

មុនកិច្ចប្រជុំកំពូល G7 នៅអ៉ីតាលី ដែលនឹងផ្តោតលើការគាំទ្រចំពោះអ៊ុយក្រែនប្រឆាំងរុស្ស៉ី មន្រ្តីមួយរូបរបស់ លោក Macron បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា «យើងមានកិច្ចព្រមព្រៀងមួយ។ ដើមឡើយ វាគឺជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។ នេះជាផែនការផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដែលនឹងត្រូវសងត្រលប់មកវិញ ជាមួយនិងថវិកាបានមកការលក់ទ្រព្យសម្បត្តិរបស់រុស្ស៉ី»។ មន្ត្រីដដែលរូបនោះបន្ថែមថា «ប៉ុន្តែបើមានហេតុផល ឬបញ្ហាផ្សេងទៀត ដែលថាទ្រព្យសម្បត្តិរបស់រុស្ស៉ីមិនអាចយកចេញបាន ឬថវិកាដែលបានពីការលក់ទ្រព្យសម្បត្តិទាំងនោះមិនគ្រប់គ្រាន់ យើងនឹងពិចារណារកវិធីចែកគ្នាទទួលបន្ទុកប្រាក់កម្ចីនោះ»

គួរបញ្ជាក់ថា បណ្តាមេដឹកនាំ G7 គ្រោងឯកភាពគ្នាលើកិច្ចព្រមព្រៀងដើម្បីប្រើប្រាស់ថវិកា បានមកពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលត្រូវបានបង្កកនៅធនាគារកណ្តាលចំនួន ៣០០ពាន់លានអឺរ៉ូ ឬស្មើនឹង ៣២៥ពាន់លានដុល្លារ ដើម្បីយកទៅជួយដល់អ៊ុយក្រែន ក្នុងលក្ខខណ្ឌផ្តល់កម្ចីជាមុនចំនួន ៥០ពាន់លានដុល្លារ៕