(រីយ៉ាដ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសឱ្យដឹងមុនកាលពីថ្ងៃពុធ ទី១២ ខែមិថុនា ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត ជាទីដែលលោកបានពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនក្នុងប្រទេសស្វីស នៅចុងសប្ដាហ៍នេះ ជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុង Jeddah សម្រាប់ការបំពេញទស្សនកិច្ចលើកចុងក្រោយបំផុតមួយទៅកាន់អារ៉ាប៊ីសាអូឌីត ដែលកំពុងព្យាយាមប្រកាន់ គោលជំហរអព្យាក្រឹតចំពោះសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ហ្សេលេនស្គី បាននិយាយថាលោកមានកិច្ចប្រជុំដ៏មាន ថាមពលមួយជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងក៏បានពិភាក្សាផងដែរពីការរៀបចំកិច្ចប្រជុំ កំពូលសន្តិភាពសកល ជាមួយការរំពឹងទទួលបានលទ្ធផល និងលទ្ធភាពក្នុងការអនុវត្តតាម ព្រមទាំងមធ្យោបាយដើម្បីឆ្ពោះទៅរកសន្តិភាពពិតប្រាកដសម្រាប់អ៊ុយក្រែន»

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី ប៉ុន្មានសប្ដាហ៍នេះបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជាច្រើន ដើម្បីប្រមូលការគាំទ្រ និងបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសទាំងនោះ ចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែ​នដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងប្រទេសស្វីស ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ ដោយគ្មានវត្តមានរបស់រុស្ស៉ី។ តាម ភាគីអ៊ុយក្រែន មានអ្នកតំណាងប្រទេសចំនួន៩០ ត្រូវបានរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូល ខណៈអារ៉ាប៊ីសាអូឌីតនៅមិនទាន់បញ្ជាក់ថានឹងចូលរួមក្នុងកិច្ចប្រជុំ សន្តិភាពនេះដែរឬក៏យ៉ាងណានោះទេ៕