(វ៉ាស៊ីនតោន)៖ មន្ត្រីកំពូលម្នាក់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១២ ខែមិថុនា បានឱ្យដឹងថាលោកប្រធានាធិបតី ចូ បៃដិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខថ្មីមួយជាមួយអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបញ្ជាក់ពីតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការគាំទ្ររយៈពេលវែងសម្រាប់ទីក្រុងកៀវ អំឡុង ជំនួបជាមួយមេដឹកនាំនៃក្រុមប្រទេស G7 ក្នុងប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក បៃដិន បានចាកចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ប្រទេសអ៉ីតាលី កាលពីថ្ងៃពុធ ក្នុងគោលបំណងដាក់សម្ពាធបន្ថែមលើរុស្ស៉ីជុំវិញសង្រ្គាមប្រឆាំងអ៊ុយក្រែន និងចិន សម្រាប់ការគាំទ្រដល់ទីក្រុងមូស្គូ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថាកិច្ចព្រមព្រៀងខាងលើនឹងបញ្ជាក់យ៉ាងច្បាស់ពីគាំទ្រយូរអង្វែងរបស់សហរដ្ឋអាមេរិក ជាពិសេសលើវិស័យការពារជាតិ និងទីអវកាស។ លោកបន្ថែមថា «តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក៏ជាការបញ្ជូនសារមួយយ៉ាងច្បាស់បញ្ជាក់ការប្ដេជ្ញាចិត្តរបស់យើងទៅកាន់រុស្ស៉ីផងដែរ ហើយប្រសិនបើលោក ពូទីន គិតថាលោកអាចទ្រាំបានយូរជាងក្រុមចម្រុះគាំទ្រអ៊ុយក្រែន នោះលោកគិតខុសហើយ»

គួរបញ្ជាក់ថា បើតាមលោក Jake Sullivan មានប្រទេសយ៉ាងហោច១៥ បានចុះកិច្ចព្រមព្រៀងសន្តិសុខផ្ទាល់ខ្លួនជាមួយអ៊ុយក្រែន ដែលនេះនឹងជួយពង្រឹងសមត្ថភាព ការពារខ្លួនរបស់អ៊ុយក្រែន។ ចំណែក កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកនឹងមានរួមបញ្ចូលការប្ដេជ្ញាចិត្តធ្វើការជាមួយសភាទាំង២ របស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ ជំនួយដល់អ៊ុយក្រែន តែនឹងមិនមានការបញ្ជូនកងទ័ពអាមេរិកទៅសមរភូមិក្នុងសង្រ្គាមអ៊ុយក្រែននោះទេ។ អំឡុងចូលរួមកិច្ចប្រជុំកំពូល G7 នៅអ៉ីតាលី លោក ចូ បៃដិន ត្រូវបានរំពឹងថានឹងជួបលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ហើយក៏អាចនឹងមានការធ្វើសន្និសីទរួមគ្នាផងដែរ៕